រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញអបអរសាទរទិវា អន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ ២០២៥ ក្រោមប្រធានបទ “ពង្រឹងសមត្ថភាព និងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍” នៅសាលាស្រុកព្រៃនប់។
ទិវាជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៥ បានរៀបចំនៅស្រុកព្រៃនប់ ដោយមានសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហមស្រុកព្រៃនប់ចូលរួមសរុបចំនួន ១០៦នាក់ ស្រី ២៣នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៥ ប្រកបដោយខ្លឹមសារ និងអត្ថន័យដ៏មានសារៈសំខាន់ និងផ្តោតការយកចិត្តទុកដាក់លើកិច្ចការសំខាន់ដូចតទៅ៖
១.សូមបន្តពង្រឹងកម្លាំងអ្នកស្ម័គ្រចិត្តនៅមូលដ្ឋានតាមរយៈការលើកទឹកចិត្ត និងការបណ្តុះបណ្តាលចំណេះដឹង ជំនាញផ្សេងៗ ដើម្បីឆ្លើយតបតម្រូវការថ្មីនៃភាពធន់សហគមន៍ ស្របតាមបរិវត្តកម្ម ឌីជីថល តាមស្មារតីនៃគោលនយោបាយយុវជន និងគោលនយោបាយអ្នកស្ម័គ្រចិត្ត
២.សូមបន្តពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែកមិត្តអប់រំមិត្ត និងមិត្តជួយមិត្ត ចេះជួយសិស្សនិស្សិត យុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលមានការលំបាកក្នុងជីវភាពខ្វះខាតប្រចាំថ្ងៃ
៣.សូមបន្តផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗយុវជនដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេងក្នុងការសិក្សារៀនសូត្រមុខ ជំនាញឱ្យបានច្បាស់លាស់ស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងពង្រីកចំណេះដឹងបន្ថែមថ្មី និងបច្ចេកវិទ្យាព័ត៌ មានឌីជីថល និងភាសាបរទេសជាដើម ។ល។
៤.សូមបន្តការជួយឧបត្ថម្ភគាំទ្រសាខា អនុសាខាក្នុងការកសាងភាពធន់សហគមន៍នៅគោលដៅភូមិ ឃុំ ជ្រើសរើសមួយ ឬពីរ អនុវត្តសកម្មភាពចម្រុះ ដោយផ្តោតវិស័យអាទិភាពក្នុងយុទ្ធសាស្ត្រ ដែលជាការកសាងសមត្ថភាពសហគមន៍ ធានានិរន្តរភាព និងបង្ហាញពីភាពមើលឃើញ (Visibility) ពីកាកបាទក្រហមកម្ពុជា តាមរយៈវត្តមានមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហមកម្ពុជា ចុះធ្វើសកម្មភាពដូចភ្លៀងរលឹម ក្នុងការសង្គ្រោះបឋម ការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ ការអប់រំថែទាំសុខភាពតាមសហគមន៍ គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ការការពារបដិរូប យុទ្ធនាការអនាម័យ-បរិស្ថានស្អាត ចូលរួមទប់ស្កាត់គ្រឿងញៀននៅតាមមូលដ្ឋាន និងគ្រឹះស្ថានសិក្សារបស់ខ្លួន។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អ្នកស្ម័គ្រចិត្តស្រុកព្រៃនប់ ប្រកបដោយសេចក្តីនឹករលឹក ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី បងប្អូនទាំងអស់ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់លះបង់ទាំងកម្លាំងកាយចិត្ត និងចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការចូលរួមបម្រើការងារមនុស្សធម៌នៅមូលដ្ឋានរបស់យើង ក្នុងន័យសំដៅរួមគ្នាជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ។ សូមអរគុណចំពោះការ លះបង់ចូលរួមជាមួយសាខាកាកបាទក្រហម ជាពិសេសអ្នកស្ម័គ្រចិត្តរបស់យើងទាំងអស់គ្នា ដែលបានចូលរួមការងារមនុស្សធម៌នៅក្នុងមូលដ្ឋានដោយមិននឿយហត់នាំពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះផងដែរ៕





































