ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ នៅផ្សារសាមគ្គីកោះគ្រួស ស្ថិតក្នុងសង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត គណៈអភិបាលក្រុង ក្រុមប្រឹក្សាក្រុង ប្រធានមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ មានការចូលរួមលើកឡើងជាមតិយោបល់ សំណើ និងសំណូមពរពីប្រជាពលរដ្ឋ ទាំងផ្ទាល់មាត់ និងតាមរយៈសំបុត្រមានចំនួនសរុប ៤៥នាក់ ដែលត្រូវបានយកមកដោះស្រាយ។
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានលើកឡើងថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺពិតជាមានសារៈសំខាន់សម្រាប់ឱ្យប្រជាពលរដ្ឋលើកឡើងនូវមតិយោបល់ សំណើ សំណូមពរ និងផ្តល់អនុសាសន៍ឱ្យបានផុលផុសសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ឱ្យបានកាន់តែល្អប្រសើរប្រកបដោយគណនេយ្យភាព តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៥ សម្រាប់ក្រុងកំពង់សោម មានប្រធានបទចំនួន៦ ក្នុងនោះ៖១.គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ២.ការផ្តល់សេវាសាធារណតាមយន្តការច្រកចេញចូលតែមួយ ៣.គោល នយោបាយគាំពារសង្គម ៤.ការអភិវឌ្ឍមូលដ្ឋាន ៥.ការគ្រប់គ្រងសំណល់រឹងរាវ ៦.ការងាររៀបចំដែនដី នគរូបនីយកម្ម និងលំនៅឋាន។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់សម្រាប់ក្រុងកំពង់សោមនាពេលនេះ បានផ្តល់ឱកាសឱ្យពុកម៉ែ បងប្អូនពូមីង បានបញ្ចេញនូវមតិយោបល់ និងលើកឡើងពីចម្ងល់និងសំណូមពរនានាដែលជួបប្រទះក្នុងមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការចូលរួមពីប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើន ក្នុងគោលបំណងពង្រឹងគណនេយ្យភាព តម្លាភាពជាមួយប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការដោះស្រាយសំណើ សំណូមពរដែលប្រជាពលរដ្ឋបានលើកឡើង ហើយនូវរាល់សំណូមពរដែលមិនទាន់បានឆ្លើយតប រដ្ឋបាលខេត្តនឹងយកសំណើ និងសំណូមពរទាំងនោះ ទៅពិភាក្សាក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យពិភាក្សា ដោះស្រាយ និងដាក់បញ្ចូលជាអាទិភាពទៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក។ ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសមធម៌ និងឈានទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរភូមិសង្កាត់ ក្រុង ស្រុក ដើម្បីមានវិធានការចូលរួមបង្ការទប់ស្តាត់នូវរាល់បទល្មើសនៅក្នុងមូលដ្ឋាន ទន្ទឹមនោះយើងនឹងខិតខំអភិវឌ្ឍផ្លូវបេតុងនៅតាមភូមិ សង្កាត់បន្ថែមទៀតក្នុងការកាត់បន្ថយផ្លូវក្រួសក្រហម មកជាផ្លូវបេតុង៕





































