នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ស្រ្ដីទើបនិងសម្រាលកូនមានជីវភាពខ្វះខាតចំនួន ៦គ្រួសារ ស្ថិតនៅភូមិដើមថ្គូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ការអភិវឌ្ឍនៅកម្ពុជា ជូនដល់ប្អូនស្ត្រីជាមាតាទាំងអស់ ដោយក្ដីនឹករលឹកហើយសូមប្អូនៗថែសុខភាព ឱ្យបានល្អប្រសើរលេបថ្នាំឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។
ជាមួយគ្នានេះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថា គោលការរបស់រាជរដ្ឋា ភិបាល ទោះបីប្រជាពលរដ្ឋមានបណ្ណក្រីក្រ ឬមិនមានបណ្ណក្រីក្រ នៅពេលមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឪ្យបាន ៤ដងមុនពេលសម្រាល ហើយការគិតគូពីសុខទុកកូនចៅរបស់យើង គឺដើម្បីឪ្យកុមារដែលកើតមកមានសុខភាពល្អមានប្រាជ្ញាវៀងវៃ ដើម្បីចូលរួមអភិវឌ្ឍគ្រួសារ និងប្រទេសជាតិ យើងត្រូវបណ្តុះ បណ្តាលកូនចៅរបស់យើងឱ្យមានចំណេះ ជំនាញ ដើម្បីបំរើការងារទៅតាមសមត្ថភាពរបស់យើងនៅតាមរោងចក្រ សហគ្រាស និងការដឹកជញ្ជូនភ្ញៀវទេសចរជាដើម ទន្ទឹមនោះ រាជរដ្ឋាភិបាលក៏បានគិតគូអំពីសុខ ភាពក្មួយដោយបានខិតខំពង្រឹងវិស័យសុខាភិបាលឱ្យនៅកៀកនិងក្មួយ នៅពេលយើងមានការងារធ្វើ និងនៅពេលចាស់ទៅនិងទទួលបានអត្ថប្រយោជន៍ពីបណ្ណ ប.ស.ស ឬបណ្ណសមធម៌ផ្សេងៗទៀត ជាពិសេសនៅពេលយើងធ្វើការលែងកើត ឬហៅថាចូលនិវត្តន៍ យើងនឹងទទួលបានប្រាក់សោធនិវត្តដូចមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
អំណោយផ្តល់ជូនដល់ស្រ្ដីទើបសម្រាលកូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករមួយបាវ ស្មើនឹង ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ឃីតមនុស្សចាស់១ (មុង១ ភួយ១ ក្រមា១ សារុង១)ឃីតទារក១ និងថវិកាចំនួន ៥ម៉ឺនរៀល៕
















