ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
តាមប្រកាសលេខ ៦៧៥អនក្រ.តត ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីការតែងតាំង លោក រាជ សុវណ្ណ ជាអភិបាល នៃគណៈអភិបាលក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងលោក ណាំ វិសាល ជា អភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
លោក រាជ សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកោះរ៉ុងថ្មី បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម
១-ប្តេជ្ញាគោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ច្បាប់លិខិតបទដ្ឋាន ពិសេសច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សំដៅធានាគុណភាព ប្រសិទ្ធភាពក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន
២-ប្តេជ្ញាអនុវត្តឱ្យបានម៉ឺងម៉ាត់ប្រកបដោយគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលកម្ពុជានឹងប្រជាពលរដ្ឋ ដើម្បីសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅលើកកម្ពស់អភិបាលកិច្ចល្អរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
៣-ប្តេជ្ញាចូលរួមឱ្យបានយ៉ាងសកម្មការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅក្នុងក្រុងកោះរ៉ុង
៤-ប្តេជ្ញាបន្តវប្បធម៌ បង្កើននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយជួរថ្នាក់ដឹកនាំគ្រប់លំដាប់ក្នុងរដ្ឋបាលក្រុងកោះរ៉ុង ក៏ដូចជាអង្គភាពពាក់ព័ន្ធ និងអង្គការសមាគមសហគមន៍
៥-ប្តេជ្ញាខិតខំបម្រើរាជរដ្ឋាភិបាល ផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយតម្លាភាព ប្រសិទ្ធភាព ឆ្លើយតបតម្រូវការមូលដ្ឋាន យកចិត្តទុកដាក់អនុវត្តផែនការអភិវឌ្ឍក្រុងកោះរ៉ុង ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិលរបស់រដ្ឋបាលក្រុង
៦-ប្តេជ្ញារក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ព្រមទាំងសមិទ្ធិផលដែលរដ្ឋបាលក្រុងកោះរ៉ុង សម្រេចបាននាពេលកន្លងមក
៧-ប្តេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធជួរមុខនៅព្រំដែនកម្ពុជា-ថៃ ទាំងស្មារតី និងសម្ភារៈ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ និងសកម្មភាពជួយដល់ប្រជាពលរដ្ឋភៀសសឹក និងពលករត្រឡប់ពីប្រទេសថៃ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិ បាលរង នៃគណៈអភិបាលក្រុងកោះរ៉ុងនាពេលនេះ ព្រមទាំងធ្វើការផ្តាំផ្ញើលោកអភិបាល អភិបាលរង នៃអភិបាលក្រុងកោះរ៉ុង បន្តដឹកនាំអនុវត្តភារកិច្ចទទួលបានជោគជ័យ ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ យើងត្រូវប្រើជំនាញបច្ចេកទេស ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងកោះរ៉ុង ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទក និងមានការគោរពស្រលាញ់ពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពក្រុង ត្រូវសហការជាមួយក្រសួង ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីការពារនឹងទប់ស្កាត់ឱ្យបានដាច់ខាតរាល់ការកាប់បំផ្លាញ និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ គណៈបញ្ជាការឯកភាពក្រុង ត្រូវគ្រប់គ្រង់ដីចំណីឆ្នេរឱ្យបានម៉ឺងម៉ាត់តាមប្លង់គោល រាល់ការសាងសង់ត្រូវមានលិខិតអនុញ្ញាតឱ្យបានត្រឹមត្រូវ គណៈបញ្ជាការឯកភាពក្រុង ត្រូវសហការជាមួយដៃគូរអភិវឌ្ឍន៍ក្នុងការរៀបចំសម្អាតបរិស្ថាន អនាម័យ និងសោភ័ណភាពតំបន់ឆ្នេរ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន ជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិ ភាព» ដែលមានលក្ខណៈសម្បត្តិ ០៧យ៉ាង រួមមាន៖ ១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តចំពោះការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុង ត្រូវយកចិត្តទុក្ខដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌ វិជ្ជាជីវៈរបស់មន្ត្រីរបស់ខ្លួនក្នុងការ ធានាឱ្យប្រជាពលរដ្ឋទទួលសវាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព គណនេយ្យភាព ចំពោះថ្នាក់សង្កាត់ ត្រូវពង្រឹងតួអង្គស្នួលចំនួន៦ ដោយលើកកម្ពស់ការបម្រើសេវានានាជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន ១.ចៅសង្កាត់ ២.ស្មៀនសង្កាត់ ៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ៤.មណ្ឌលសុខភាពឬប៉ុស្តិ៍សុខភាព ៥.មេភូមិ និង៦.នាយកសាលារៀន។
២-គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកដោយគុណភាព និងប្រសិទ្ធភាព
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។ដូច្នេះគណ:បញ្ជាការភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពបទល្មើស និងការប៉ុនប៉ងបង្កភាពចលាចល ភាពវឹកវរ និងអសន្តិសុខសង្គម ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍៕































