លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួម កិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF)

នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្ត និងលោក វណ្ណៈ សោភានុត ប្រធានការិយាល័យវិនិយោគ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ក្រោមអធិបតីភាព ឯកឧត្ដម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(គ.ស.រ.ជ.) នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានការអញ្ជើញចូលរួមពី ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោកជំទាវ​ ឯកឧត្តម តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, និងអ្នកជំនាញនៃកម្មវិធី CAPRED សរុបប្រមាណ៩៥រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យលើលទ្ធផលការងារដែលសម្រេចបាន ពិសេស (១)វិធានការដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩កន្លងមកនិង (២)លទ្ធផលប្រជុំដោះស្រាយបញ្ហានានារបស់ក្រុមការងារទាំង១៦ក្នុងក្របខណ្ឌវេទិកា G-PSF ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥។
ក្រោយពីពិនិត្យក្នុងក្របខណ្ឌបច្ចេកទេសរួចរាល់ គ.ស.រ.ជ. នឹងដាក់សេចក្តីព្រាងរបាយការណ៍ឆមាសទី១ នេះជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីធ្វើការពិនិត្យនិងសម្រេចនាពេលឆាប់ៗខាងមុខ។
សូមជម្រាបថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាវេទិកាថ្នាក់ជាតិ និងជាយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជជែកសន្ទនាជាមួយផ្នែកឯកជន ដើម្បីស្វែងយល់អំពីសំណូមពរ និងបញ្ហាប្រឈមនានាដែលវិស័យឯកជនបានជួបប្រទះក្នុងកិច្ចការអនុវត្តអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ គណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន គឺជាសេនាធិការរួមរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការសម្របសម្រួលនិងរៀបចំវេទិកានេះ។ ក្រុមការងារតាមវិស័យទាំង១៦ ស្ថិតក្រោមការសម្របសម្រួលពីគណៈកម្មាធិការ ត្រូវបានដឹកនាំដោយផ្ទាល់ពីថ្នាក់ដឹកនាំស្ថាប័នមានសមត្ថកិច្ច ដើម្បីជជែកពិភាក្សា និងស្វែងរកដំណោះស្រាយលើសំណើសុំនានារបស់វិស័យឯកជន៕