ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង (Soft Opening) អគារការិយាល័យមជ្ឈមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិ (International Finance Center) នៅក្នុងគម្រោង បេ អហ្វ ឡៃថ៍ (BAY OF LIGHTS) ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងកោតសរសើរ និងវាយតម្លៃចំពោះក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ដែលខិតខំប្រឹងប្រែងអភិវឌ្ឍគម្រោង បេ អហ្វ ឡៃថ៍ (BAY OF LIGHTS) ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរឡើង។ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍រួមទាំងការលើកកម្ពស់ វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ ទាញ និងរីក ចម្រើន ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងមកពីបណ្ដាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សូមស្វាគមន៍ និងអបអរសាទរចំពោះពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង (Soft Opening) អគារការិយាល័យមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅក្នុងខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា “តារារៈនាទិសនិរតី” និងកំពុងបំពេញតួនាទីជាប៉ូលសេដ្ឋកិច្ចដ៏មានសារៈសំខាន់ និងជាខេត្តស្នូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គមដោយមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា គម្រោង Bay of Light គឺជាគម្រោងអាទិភាពដ៏សំខាន់មួយដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាននឹងកំពុងគាំទ្រ និងខិតខំជួយសម្របសម្រួល ដើម្បីឱ្យគម្រោងនេះដំណើរការដោយរលូន និងទទួលបានជោគជ័យតាមដំណាក់ការនីមួយៗជាបន្តបន្ទាប់។ ក្រៅពីកម្មវិធីពិសេសជំរុញការវិនិយោគ និងធានាជំរុញការអភិវឌ្ឍន៍ខេត្តព្រះសីហនុ និយាយដោយឡែក និងនិយាយជារួម ការអភិវឌ្ឍន៍ប្រទេសកម្ពុជាទាំងមូល រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលចែកចេញជាបួនតំបន់រួមមាន៖ តំបន់ទីក្រុងសមាហរណកម្ម តំបន់រស់នៅប្រណិត តំបន់ទេសចរណ៍ប្រណិត មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌល ហិរញ្ញ វត្ថុអន្តរជាតិ (ចំនុចនេះគម្រោងអភិវឌ្ឍ BAY OF LIGHTS ដែលយើងកំពុងតែរៀបចំសម្ពោធនាពេលនេះ គឺពិតជាគម្រោងដែលដើរតួនាទីយ៉ាងសំខាន់ស្របតាមផែនការអភិវឌ្ឍន៍របស់ខេត្ត)។ តំបន់ឧស្សាហកម្ម និងភស្តុភារកម្ម៖ គឺរៀបចំជាសួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងជាច្រកចេញចូលអន្តរជាតិ រួមទាំងជាមជ្ឈមណ្ឌល ភស្តុភារ កម្មជាតិ ដោយមានទំនាក់ទំនង ជាមួយទីផ្សារអាស៊ាន និងសកលលោក។ (ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្ដានុពលក្នុងវិស័យដឹកជញ្ជូន គឺមានទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស) ។ ក្នុងឆ្នាំ ២០២៣ ខេត្តព្រះសីហនុទទួលបានផលិតផលសរុបចំនួនប្រមាណ ១ ៦១៧ លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ចំនួន ៤ ៦០២ ដុល្លារ អាមេរិក អត្រាកំណើនសេដ្ឋកិច្ច ៦% ។
លោក ដេវីដ ដបសាន់ Mr David Richard Dobson នាយកអភិវឌ្ឍអាជីវកម្មជាន់ខ្ពស់ មានប្រសាសន៍ស្វាគមន៍ដោយគូសបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់សាកល្បង (Soft Opening) អគារការិយាល័យមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Finance Center)នៅក្នុងគម្រោង បេ អហ្វ ឡៃថ៍ (BAY OF LIGHTS) នាពេលនេះនឹងក្លាយជាចលករមួយសម្រាប់កម្ពុជា ក្នុងការជំរុញវិនិយោគដោយផ្ទាល់ពីបរទេសឪ្យចូលក្នុងប្រទេសកម្ពុជា ហើយបង្កើតវេទិការដែលមានតម្លៃស្មើគ្នាជាមួយប្រទេសនៅលើសកលលោក។ ព្រមទាំងបង្កើតឱកាសការងារគ្មានដែនកំណត់ ក៏ដូចជាការនាំចូលជំនាញ និងសេវាកម្មអន្តរជាតិ ហើយក៏ជាគម្រោងអភិវឌ្ឍដ៍អស្ចារ្យដែលអាចឈរជើងលើឆាកអន្តរជាតិ ប៉ុន្តែដើម្បីសម្រេចនូវគោលបំណងនេះ ត្រូវការអត់ធ្មត់ ការធ្វើផែនការ និងភាពឯកភាពជាបន្តបន្ទាប់ តាមរយៈការបំបែកទីក្រុងមហាអធិកនេះជាជំហានតូចៗ ប៉ុន្តែពួកយើងមានយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ពីរឆ្នាំមុន យើងចាប់ផ្តើមគម្រោង Bay of Lights ពីដីទំនេរដែលមិនទាន់មានអ្វីសោះ មកជាតំបន់អភិវឌ្ឍន៍ វានឹងទាក់ទាញក្រុមហ៊ុនអន្តរជាតិផ្សេងៗផ្តល់នូវការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិច្រើនជាងមុខ ហើយបង្កើតឱកាសអាជីវកម្មក្នុងស្រុកមានការរីកចម្រើន៕

























