ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត អញ្ជើញកាន់បិណ្ឌ ភ្ជុំបិណ្ឌវេណទី១

ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមបឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត អញ្ជើញកាន់បិណ្ឌ ភ្ជុំបិណ្ឌវេណទី១ នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ក្នុងឱកាសដែលប្រជាជាតិកម្ពុជាទាំងអស់ចូលរួមពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយដែលប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងជនបរទេសតែងតែប្រារព្ធជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ពិធីបុណ្យនេះមានសារៈសំខាន់ និងមានអត្ថន័យដ៏ធំធេងណាស់សម្រាប់ប្រជារាស្ត្រខ្មែរ ដែលបានធ្វើដំណើរពីទីជិតឆ្ងាយទៅកាន់ស្រុកកំណើតជូនតា ដើម្បីបានជួបជុំគ្នានៅតាមលំនៅឋាន វត្តអារាម ធ្វើបុណ្យទានសម្តែងនូវកតញ្ញូចំពោះអ្នកមានគុណ ឧទ្ទិសកុសលជូនបុព្វការីជន ដែលទទួលមរណកាលទៅហើយ និងបានបណ្តុះស្មារតីសាមគ្គីភាពជាតិ ស្រឡាញ់ថែរក្សា ការពារទំនៀមទម្លាប់ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។
ជាពិសេសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋានមានឱកាសបានឧទ្ទិសកុសលដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្ម ការពារបូរណភាព ទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនជាតិទាំងអស់ អញ្ជើញទៅកាន់សុគតិភព កុំបីអាក់ខានឡើយ។
ជាមួយគ្នានេះដែររដ្ឋបាលខេត្តព្រះសីហនុ បាននាំយកនូវទេយ្យទានប្រគេនដល់ព្រះសង្ឃនូវ៖ ១.អង្ករ ៣០០គីឡូក្រាម ២មី ២កេសធំ ៣.ត្រីខ ២កេសធំ ៤.ប្រេង ឆា ១ កេស ៥.កាហ្វេ ១០កញ្ចប់ ៦.ទឹកត្រី ១០យូ ៧.ទឹកស៊ីអីវ ១០យូ ៨.ទឹកសុទ្ធ ១៥កេស ៩.ចង្ហាន់ស្រាក់(បាយ សម្ល) ៤០ស្រាក់ ១០.ភេសជ្ជៈ ៤០កន្ត្រក ១១.ថវិកាមេគុណ ៦០០,០០០រៀល ១២.ថវិកាព្រះសង្ឃ ៣៩អង្គ ១០០,០០០រៀល/១អង្គ ១៣.អាចារ្យគណៈកម្មាវត្ត ៨នាក់ ៥០,០០០រៀល/ម្នាក់ ១៤.ប្រគេនជូនវត្ត ៤,០០០,០០០រៀល ១៥.សមាគមនារីខេត្ត ថវិកា ១លានរៀល ១៦.ដូនជី តាជី ២០នាក់ ២ម៉ឺនរៀល។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តនិងលោកជំទាវ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ១០លានរៀ ជូនវត្តផងដែរ៕