ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមតាំងពិព័រណ៍ស្នាដៃសិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាព លោក លោកស្រីនាយក នាយិកា លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងអាណាព្យាបាលសិស្ស។
លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត ជាពិសេសបុគ្គលិកសិក្សា សិស្សានុសិស្ស នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីរៀបចំកម្មវិធីពិព័រណ៍ស្នាដៃសិស្សនេះឡើងបានយ៉ាងល្អប្រសើរ ដោយបានបែងចែកក្រុមមានស្នាដៃ អាជីវកម្ម ក្រុមសរសេរគម្រោងចងក្រងជាសៀវភៅ និងក្រុមស្នាដៃសម្ភារៈ STEM។ ក្មួយៗបានសរសេរសៀវភៅគម្រោងសិក្សាស្រាវជ្រាវផ្នែកប្រវត្តិវិទ្យា គណិតវិទ្យា ផែនដីវិទ្យា ជីវវិទ្យា គីមីវិទ្យា ព្រមទាំងបានបង្កើតស្នាដៃសម្ភារៈ STEM។ ទាំងនេះពិតជាបានបង្ហាញពីសមត្ថភាពរបស់ក្មួយៗ ក្នុងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងបច្ចេកទេស មានគំនិតឆ្នៃប្រឌិតខ្ពស់ ចេះធ្វើការជាក្រុមដោយសាមគ្គីគ្នា បង្កើតបាននូវគំនិតនវានុវត្តន៍ ដែលជាមោទកភាពសម្រាប់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងខ្លួនឯងផ្ទាល់។
លោក អភិបាលរងខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌ ចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់ ក្នុងគោលបំណងធ្វើឱ្យប្រជាជនកម្ពុជា «មានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត» ប្រកបដោយអំណត់ធន់ សហគ្រិនភាព នវានុវត្តន៍ និងសីលធម៌ ដោយរដ្ឋធានាផ្តល់សេវាអប់រំជាមូលដ្ឋានសម្រាប់ទាំងអស់គ្នាយ៉ាងតិចត្រឹមថ្នាក់ទី៩ បំពាក់ជំនាញ និងបច្ចេកវិទ្យា ដែលជាតម្រូវការទីផ្សារការងារ និងធុរកិច្ច ពង្រឹងការបណ្តុះបណ្តាល និងការផ្លាស់ប្តូរជំនាញស្របទៅនឹងតម្រូវការទីផ្សារការងារ ពង្រឹងគុណភាព វិស័យឧត្តមសិក្សាឱ្យក្លាយជាមណ្ឌលមូលធនបញ្ញាជាតិ និងឃ្លាំងពុទ្ធិសកល ដោយយកចិត្តទុកដាក់លើជីវភាពគ្រូបង្រៀន បុគ្គលិកសិក្សា និងសាស្ត្រាចារ្យ។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំ រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ព្រមទាំងការអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្តានុពលភាពពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយទៅជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ព្រមទាំងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានកៀរគរសប្បុរសជនក្នុងការជួយសាងសង់សាលារៀន របងសាលា បន្ទប់ទឹក អណ្តូងទឹក និងសមិទ្ធផលនានាជាច្រើនទៀត។
ទន្ទឹមនោះលោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សដូចខាងក្រោម៖
១.គោរពវិន័យសាលារៀន គោរពលោកគ្រូ អ្នកគ្រូ គោរពឪពុកម្តាយ
២.ខិតខំរៀនសូត្រដោយប្រែក្លាយទ្រឹស្តីឱ្យក្លាយជាការអនុវត្ត ពង្រឹង និងពង្រីកកម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា STEM ឱ្យបានកាន់តែសកម្មឡើង
៣.រៀនឱ្យចេះ រៀនឱ្យចាំ រៀនចប់ រៀនរកប្រាក់ចំណូល និងរៀនឱ្យក្លាយជាមូលធនមនុស្ស ដើម្បីអភិវឌ្ឍខ្លួនឯង និងប្រទេសជាតិ
៤.សូមក្មួយបដិសេធចំពោះការប្រើប្រាស់គ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញសុខភាព បំផ្លាញទ្រព្យសម្បត្តិគ្រួសារ បង្កអំពើហឹង្សា និងខូចអនាគត៕


