ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានដឹកនាំកិច្ចប្រជុំលើកទី១៦ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

នាព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំលើកទី១៦ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។គម្រោងដែលបានសម្រេចជាគោលការណ៍នេះ មានចំនួន ១០ គម្រោង រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៤, គម្រោងថ្មី ចំនួន ៤, គម្រោងពង្រីកចំនួន ១, និង គម្រោងមានស្រាប់ចំនួន ១ ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ១៥៤ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១,១៨៧ កន្លែង ជាអាទិ៍ រោងចក្រកែច្នៃ, អគារពាណិជ្ជកម្ម, គ្រឹះស្ថានសិក្សាចំណេះទូទៅ, ផែបណ្តែតទឹក, សណ្ឋាគារ និង អគារស្នាក់នៅរួម ។ ផ្អែកតាមនេះ, ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ ឧសភា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង មានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ០២៩ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥៣ ១៨៧ កន្លែង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានគូសរំលេចជូនអង្គប្រជុំជ្រាប អំពីបច្ចុប្បន្នភាពនៃ ស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកល និង ការការពារឧស្សាហកម្មក្នុងស្រុក ដែលបណ្តាលឱ្យមានការកើនឡើងនៃរបាំងពាណិជ្ជកម្ម ជះឥទ្ធិពលដល់ការទាក់ទាញវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម និង ការនាំចេញរបស់កម្ពុជាផងដែរ ។ ទោះបីយ៉ាងណាស្ថានភាពនេះក៏បានបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាក់ទាញវិនិយោគពីប្រទេសផ្សេងៗ តាមរយ:ការបន្តខិតខំប្រឹងប្រែងទ្វេដងដើម្បីកែលម្អបរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគ។ ផ្អែកតាមនេះ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ រួមទាំងក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏នឹងបន្តខិតខំប្រឹងប្រែងថែមទៀត ជាបន្តបន្ទាប់ឥតដាច់ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច សំដៅទាក់ទាញ និង ជំរុញការវិនិយោគថែមទៀត មកក្នុងខេត្តព្រះសីហនុ តាមរយៈ “ថែរក្សាអ្នកចាស់ និង ស្វែងរកអ្នកថ្មី” និងការដោះស្រាយបញ្ហាជាកញ្ចប់ក្នុងអភិក្រម “ជីវភាព នៃប្រព័ន្ធតួអង្គតែមួយ” ។
សូមជម្រាបជូនថា តាមការគ្រោងទុកនៅក្នុងខែ មិថុនា ឆ្នាំ ២០២៥ ខាងមុខ ក្រុមការងារនឹងចុះពិនិត្យទីតាំងគម្រោងដែលស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ប្រមាណ៣០ គម្រោង ។ ដូច្នេះយើងពិនិត្យឃើញថា ទោះជាស្ថិតក្នុងស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកលដែលកំពុងផ្លាស់ប្តូរ និង មិនមានភាពប្រាកដប្រជាក៏ដោយ ក៏ចំនួនគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុនៅបន្តមាននិន្នាការកើនឡើង ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានសំណូមពរឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាងមុនក្នុងការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ ។