លោក យូសុះ សូឡៃម៉ាន​ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ក្នុងខេត្តព្រះសីហនុ

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក លោក យូសុះ សូឡៃម៉ាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ក្នុងខេត្តព្រះសីហនុ ស្តីពីការស្នើសុំផ្តល់ទិន្នន័យសេវាអ៊ីនធឺណិត និងការពិភាក្សាលើបញ្ហាសំខាន់ៗដែលកំពុងប្រឈម។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត អភិបាលរងក្រុងព្រះសីហនុ អភិបាលរងក្រុងកំពង់សោម លោកមេធាវីប្រចាំសាលាខេត្ត តំណាងអគ្គិសនីខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនទូរស័ព្ទចល័តចំនួន ៤ ក្រុមហ៊ុន និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតចំនួន ២៥ក្រុមហ៊ុន សរុបប្រមាណ ៥០រូប។
កិច្ចប្រជុំបានផ្តោតលើខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖
* ស្នើសុំឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ផ្តល់ទិន្នន័យស្តីពីការតភ្ជាប់សេវាអ៊ីនធឺណិត មកកាន់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តជាប្រចាំរៀងរាល់ថ្ងៃ។
* ស្នើសុំឱ្យក្រុមហ៊ុនធ្វើកិច្ចសន្យាជាមួយអតិថិជនឱ្យបានច្បាស់លាស់ ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់សេវាកម្មសម្រាប់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ឬសកម្មភាពល្មើសច្បាប់ផ្សេងៗ។
ជាលទ្ធផល ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់បានបង្ហាញការគាំទ្រ ឯកភាព និងប្តេជ្ញាសហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ក្នុងការផ្តល់ទិន្នន័យ និងអនុវត្តតាមវិធានការដែលបានលើកឡើង ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញឱ្យមានប្រសិទ្ធភាព។