លោក ឡុង ឌីម៉ង់ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំង ដើម្បីចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្រុងកំពង់សោម និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ​

ខេត្តព្រះសីហនុ៖ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផលិត និងផ្តុំដំឡើង បរិក្ខារដឹកជញ្ជូនរុញដោយ ដៃ និងបរិក្ខារសម្រាប់បោះជំរុំរបស់ក្រុមហ៊ុន ហុងរ៉ុនហ្វា(ខេមបូឌា) ម៉ាស៊ីនឺរី ឯ.ក. នៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម និងគម្រោងបង្កើតរោងចក្រផលិត និងកែច្នៃ គ្រឿងតុបតែង គ្រឿងសង្ហារិមធ្វើ ពីឈើ និងកែច្នៃឈើ របស់ក្រុមហ៊ុន ខេមបូឌាន ដុងជា វូដ ឯ.ក.នៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកអភិបាលរង បានធ្វើការណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដោយសម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំ។
ជាមួយគ្នានោះ លោកក៏បានសំណូមពរឱ្យក្រុមហ៊ុន៖
-ព្យាយាមអូសទាញអ្នកវិនិយោគិនដទៃទៀត ឱ្យងាកមកពិចារណាបណ្តាក់ទុននៅខេត្តព្រះសីហនុ
-ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក​ និងកម្មករឱ្យបានត្រឹមត្រូវ
-រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើនដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំងផងដែរ។