ក្រុមការងារកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ បើកកិច្ចពិភាក្សាសិក្សាស្រាវជ្រាវអំពីលទ្ធភាពនៃការកែច្នៃ បរិមាណ និង ប្រភេទនៃសំណល់គ្រឿងអេឡិចត្រូនិក និង បរិក្ខារអគ្គិសនី

ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត ដឹកនាំលោកប្រធានមន្ទីរឧ.វ.ស.ន.ខេត្ត និងមន្ត្រីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើការសិក្សាស្រាវជ្រាវ អំពីទំហំ និងប្រភេទនៃសំណល់អេឡិចត្រូនិក ដែលជាធាតុចូលផលិតកម្មសម្រាប់ការកែច្នៃ ឱ្យក្លាយទៅវត្ថុធាតុមានតម្លៃ មានជាអាទិ៍ ស័ង្កសី ស្ពាន់ អង់ទីម៉ូនី កាដ្យូម មាស ប្រាក់ និង ប្លាទីន។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវស៊ីជម្រៅ អំពីសំណល់អេឡិចត្រូនិក និង បរិក្ខារអគ្គិសនី ដែលមាននៅក្នុងស្រុក ដើម្បីរៀបចំផែនការសម្រាប់ការប្រមូលទុកដាក់ ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស រួមទាំងក្រមបរិស្ថាន, ហើយទិន្នន័យទាំងនេះ រឹតតែមានសារៈសំខាន់ សម្រាប់ក្រុមហ៊ុន ដែលបានដាក់ទុនវិនិយោគ ក្នុងការកែច្នៃកាកសំណល់អេឡិចត្រូនិក និង បរិក្ខារអគ្គិសនីក្នុងស្រុក។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធ រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ក្រុមការងារ ក្នុងសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅអំពីទិន្នន័យទាំងនេះ ដែលនឹងក្លាយជាទិន្នន័យមូលដ្ឋានសម្រាប់ការវិភាគ និង ការព្យាករណ៍ ជូនក្រសួង-ស្ថាប័ន ក៏ដូចជាអ្នកវិនិយោគ ក្នុងការធ្វើការសម្រេចចិត្ត ប្រកបដោយប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ ។
ជាការចូលរួម, លោកអភិបាលរងបានបង្ហាញការគាំទ្រលើការទាញយកសំណល់អេឡិចត្រូនិកមកកែច្នៃសម្រាប់ប្រើប្រាស់ឡើងវិញ។ ស្របគ្នានេះ លោកក៏បានលើកឡើងអំពីការកំណត់តំបន់ក្នុងផែនការមេអភិវឌ្ឍខេត្ត និងភាពចាំបាច់នៃគម្រោងកែច្នៃសំណល់អេឡិចត្រូនិក និងសំណល់ឧស្សាហកម្ម ដែលជាការឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់គ្រឿងបរិក្ខារអគ្គិសនី និងឧបករណ៍ទំនើបកាន់តែច្រើនផងដែរ។
ជាលទ្ធផល, អង្គប្រជុំបានសម្តែងនូវការគាំទ្រទាំងស្រុង និង យល់ស្របជាស្មារតីរួម ក្នុងការប្រមូលផ្តុំទិន្នន័យ និង សិក្សាស៊ីជម្រៅ អំពីសំណល់អេឡិចត្រូនិក និង បរិក្ខារអគ្គិសនីក្នុងស្រុក ព្រមទាំងត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមសិក្សាស្រាវជ្រាវដ៏មានសារៈសំខាន់នេះ ៕