នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឡេ វ៉ាន់ផឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អញ្ជើញជូនពរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ តាងនាមរដ្ឋបាលខេត្តព្រះសីហនុ ជំនួសមុខឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សូមស្វាគមន៍ចំពោះវត្តមានគណៈប្រតិភូខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ទាំងអស់ដែលបានមកទស្សនកិច្ច សួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ នាពេលនេះ។ ខេត្តព្រះសីហនុ និងអានយ៉ាង មានទំនាក់ទំនងសម្ព័ន្ធមេត្រីភាពយ៉ាងជិតស្និទ្ធ និងរឹងមាំយូរមកហើយ ក្នុងនោះប្រតិភូខេត្តទាំងពីរតែងតែបានផ្លាស់ប្ដូរទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំនៃខេត្តទាំងពីរ ជារៀងរាល់ឆ្នាំ ហើយជំនួប និងជូនពរទៅវិញទៅមកនេះ មិនត្រឹមតែបង្កើនការយល់ដឹង និងការគាំទ្រគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតនូវភាពស្និទ្ធស្នាលផងដែរ។ យើងតែងតែស្វាគមន៍គ្នាដោយក្តីរីករាយប្រកបដោយភាពកក់ក្ដៅ គោរពរាប់អាន សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និត។
លោកអភិបាលរងខេត្ត បានបន្តថា ខេត្តព្រះសីហនុ ជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ នៃតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ដែលមានសក្តានុពលខ្ពស់ក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងភស្តុភារកម្ម មានកំពង់ផែសមុទ្រទឹកជ្រៅ អាកាសយាន្តដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿនផ្លូវដែក និងតំបន់សេដ្ឋកិច្ច ពិសេសជាច្រើន។ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ » ក្នុងគោលបំណង ដើម្បីដាក់ចេញនូវវិធានការ និងយន្តការដែលមានលក្ខណៈជាកញ្ចប់ ប្រទាក់ក្រឡា មុតស្រួច និងសាមញ្ញ ហើយកម្មវិធីពិសេសនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៧ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។ ការប្រកាសដាក់ចេញនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាព នៃកម្មវិធីពិសេសនេះ រហូតដល់ដំណាច់ ឆ្នាំ២០២៧ ជាលទ្ធផលក្រុមការងារពិសេសជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៤គម្រោង ក្នុងនោះគម្រោងដែលទទួលបានលិខិត អនុញ្ញាតជាគោលការណ៍ ចំនួន ៤៦៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៨,១៨លានដុល្លារអាមេរិក និងប៉ាន់ស្មាន អាចបង្កើតឱកាសការងារចំនួន ៥៥ ១២៤កន្លែងផងដែរ។
ជាមួយគ្នានោះដែរលោក ឡេ វ៉ាន់ផឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្តព្រះសីហនុទទួលស្វាគមន៍ប្រតិភូខេត្តអានយ៉ាង ប្រទេសវៀតណាមនាពេលនេះ ហើយនេះជាការជូនពរដល់ថ្នាល់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ទទួលបានសេរីសួស្តី ជ័យមង្គលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឈានមកដល់នាពេលខាងមុខនេះ ជាពិសេសការរិតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម និងខេត្តទាំងពីរកាន់តែស្និតស្នាលបន្ថែមទៀត ព្រោះវៀតណាម និងកម្ពុជាជាប្រទេសដែលមានភូមិផងរបងជាប់ជាមួយគ្នា ជាពិសេសការផ្លាស់ប្តូរទំនិញពីគ្នាទៅវិញទៅមកប្រកបដោយភាពរីកចម្រើន៕



















