លោក ឯម ភាព បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ មកសួរសុខទុក្ខ និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម

នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ មកសួរសុខទុក្ខ និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម នាពេលខាងមុខ។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញមកខេត្តកាម៉ាវ និងជូនពរថ្នាក់ដឹកនាំខេត្តអានយ៉ាង ព្រមទាំងកម្មាភិបាល និងប្រជាជនខេត្តអានយ៉ាង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាមនាពេលខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។ ហើយនេះជាឱកាស និងពេលវេលាដ៏មានអត្ថន័យបំផុត ដែលខេត្តសម្ព័ន្ធមេត្រីភាពរបស់យើងទាំងពីរបានជួបជុំគ្នា និងសួរសុខទុក្ខគ្នាដែលជាកាយវិការដ៏ប្រពៃ ដែលជាទំនៀមទំលាប់ដ៏ល្អផូរផង់ដោយប្រទេសយើងទាំងពីរ មានការទំនាក់ទំនង និងជួយគ្នាទៅវិញទៅមកតាំងពីយូរយារណាស់មកហើយ។
ក្នុងនោះដែរលោក អភិបាលរងខេត្ត ក៏បានសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃខេត្តកាម៉ាវ ដោយជាមួយគ្នានោះផងដែរលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ស្នើសុំឱ្យខេត្តទាំងពីរកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅកាន់តែបន្ថែមទៀត។
នាឱកាសនោះផងដែរលោក ឡេ វ៉ាន់ផឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ពិតជារីករាយដែលបានទទួលដំណើរទស្សនកិច្ច របស់គណៈប្រតិភូខេត្តព្រះសីហនុ ដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃខេត្តអានយ៉ាង ហើយជាមួយគ្នានេះលោក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានជម្រាប់ជូនអំពីសមិទ្ធផល នៃការអភិវឌ្ឍខេត្ត រួមទាំងភូមិសាស្ត្រក្នុងខេត្តទាំងមូលដល់គណៈប្រតិភូរបស់ខេត្តព្រះសីហនុ ឱ្យបានជ្រាបពីការអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយក្នុងនាមលោក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃខេត្តអានយ៉ាង រួមទាំងសូមជូនពរនិងប្រសិទ្ធពរជូនចំពោះគណៈប្រតិភូខេត្តព្រះសីហនុ ទទួលបាននូវជ័យជំនះ រួមទាំងមានសុខភាពល្អបរិបូរណ៍ និងលទ្ធផលល្អថែមទៀតក្នុងការដឹកនាំកសាងខេត្តព្រះសីហនុ ឱ្យកាន់តែស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកំសាន្តកាន់តែច្រើន។
ជាមួយគ្នានោះផងដែរគណៈប្រតិភូខេត្តព្រះសីហនុ ក៏បានជូនកាដូរអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តអានយ៉ាង សាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយភាពស្និទស្នាលរវាងខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរ៕