លោក ឯម ភាព បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ច និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ សាធារណរដ្ឋសង្គមនិយមវៀតណាម

នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ច និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម នាពេលខាងមុខ។
ក្នុងឱកាសនោះលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញមកខេត្តកាម៉ាវ និងជូនពរថ្នាក់ដឹកនាំខេត្តកាម៉ាវ ព្រមទាំងកម្មាភិបាល និងប្រជាជនខេត្តកាម៉ាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាមនាពេលខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។ ហើយនេះជាឱកាស និងពេលវេលាដ៏មានអត្ថន័យបំផុត ដែលខេត្តសម្ព័ន្ធមេត្រីភាពរបស់យើងទាំងពីរបានជួបជុំគ្នា និងសួរសុខទុក្ខគ្នាដែលជាកាយវិការដ៏ប្រពៃ ដែលជាទំនៀមទំលាប់ដ៏ល្អផូរផង់ដោយប្រទេសយើងទាំងពីរ មានការទំនាក់ទំនង និងជួយគ្នាទៅវិញទៅមកតាំងពីយូរយារណាស់មកហើយ ក្នុងនោះដែរលោក អភិបាលរងខេត្ត ក៏បានសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃខេត្តកាម៉ាវ ដោយជាមួយគ្នានោះផងដែរលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ស្នើសុំឲ្យខេត្តទាំងពីរកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅកាន់តែបន្ថែមទៀត។
នាឱកាសនោះផងដែរលោក ហ្វិញ ជីង្ងៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ពិតជារីករាយដែលបានទទួលដំណើរទស្សនកិច្ច របស់គណៈប្រតិភូខេត្តព្រះសីហនុ ដោយអញ្ជើញមកសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃខេត្តកាម៉ាវ ហើយជាមួយគ្នានេះឯកឧត្តម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានជម្រាប់ជូនអំពីសមិទ្ធផល នៃការអភិវឌ្ឍខេត្ត រួមទាំងភូមិសាស្ត្រក្នុងខេត្តទាំងមូលដល់គណៈប្រតិភូរបស់ខេត្តព្រះសីហនុ ឱ្យបានជ្រាបពីការអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយក្នុងនាមឯកឧត្តមអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃខេត្តកាម៉ាវ រួមទាំងសូមជូនពរនិងប្រសិទ្ធពរជូនចំពោះគណៈប្រតិភូខេត្តព្រះសីហនុ ទទួលបាននូវជ័យជំនះ រួមទាំងមានសុខភាពល្អបរិបូរណ៍ និងលទ្ធផលល្អថែមទៀតក្នុងការដឹកនាំកសាងខេត្តព្រះសីហនុ ឱ្យកាន់តែស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកំសាន្តកាន់តែច្រើន។
ជាមួយគ្នានោះផងដែរបន្ទាប់ពីគណៈប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម និងសួរសុខទុក្ខ ព្រមទាំងជូនពរដល់ថ្នាក់ដឹកខេត្តកាម៉ាវ រួចហើយក៏បានជូនកាដូរអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តកាម៉ាវ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយក្នុងឱកាសនោះផងដែរក៏មានការពិសាអាហារសាមគ្គីរវាងខេត្តទាំងពីរ ដើម្បីក្នុងការចងសម្ព័ន្ធមេត្រីភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕