ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព នៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម

រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព នៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដែលឈរជើងនៅសមរភូមិមុខ ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ពជួមុខតំបន់សមុទ្រ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ និងប្រជាពលរដ្ឋថ្លែងអំណរគុណគ្រួសារវីរកងទ័ពជួមុខមូលដ្ឋានសមុទ្រ និងកងទ័ពជើងគោកចូលរួមសហការជា មួយរាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីការពារទឹកដី និងការពារប្រជាពលរដ្ឋ ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុកពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាវីរជនក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយការលះបង់របស់វីរៈកងទ័ពរបស់យើង ដើម្បីបុព្វហេតុសន្តិភាពជូនប្រជាពលរដ្ឋធ្វើឱ្យកម្ពុជា មានសន្តិភាពពេញផ្ទៃក្នុងប្រទេស ១០០ភាគរយ ក៏ប៉ុន្តែពួកអគតិមួយចំនួនធ្វើឱ្យកម្ពុជាមានសង្គ្រាមនៅតាមព្រំដែន។ ក្នុងក្របខណ្ឌរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណគ្រួសារវីរៈកងទ័ពដែលបានលះបង់តស៊ូព្យាយាមទប់ស្កាត់មិនឱ្យសត្រូវឈ្លានពាន ដោយធ្វើពលីកម្មអាយុជីវិតការពារទឹកដី ការពារជាតិ មាតុភូមិកម្ពុជា ទោះបីវីរៈកងទ័ពជើងមានរបួស និងផ្សែងពុលយ៉ាងណាក៏ដោយ ក៏វីរៈកងទ័ពជួមុខរបស់យើងមិនអនុញ្ញតឱ្យខ្មាំងចូលមកឈ្លានពានបានដែរ។ ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ទោះបីស្ងប់ស្ងាត់ ក៏ប៉ុន្តែវីរៈកងទ័ពរបស់យើងនៅតែខិតខំការពារទឹកដី និងប្រជាពលរដ្ឋមិនឱ្យខ្មាំងឈ្លានពានបំពានបានឡើយ។ ទន្ទឹមនោះប្រជាពលរដ្ឋ និងសប្បុរសជននៅសមរភូមិក្រោយបានចូលរួមធ្វើសកម្មភាពមនុស្សធម៌សម្រាប់សមរភូមិមុខ មានដូចជាគ្រឿងឧបភោគបរិភោគ សម្ភារៈ ថ្នាំពេទ្យ និងថវិកាសម្រាប់ជនភៀសសឹក និងវីរៈកងទ័ពជួមុខ ហើយរដ្ឋបាលខេត្តព្រះសីហនុ ក៏បានដឹកជញ្ជូនស្បៀងអហារ ថ្នាំពេទ្យ សម្ភារៈ ថវិកាយកទៅប្រគល់ជូនរដ្ឋបាលខេត្តជាប់ព្រំដែន ក៏ដូចជាវីរៈកងទ័ពជួមុខជាបន្តបន្ទាប់ផងដែរ។
ឯកឧត្តម អភិបាលខេត្ត ក៏ថ្លែងអំណរគុណពុកម៉ែ ពូមីង និងជនបរទេសដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈផ្សេង ថ្នាំពេទ្យ និងថវិកាដល់រដ្ឋបាលខេត្ត រៀបចំវេចខ្ចប់នូវសម្ភារសម្រាប់បងប្អូនជនភៀសសឹក និងវីរៈកងទ័ពជួមុខ។ ទន្ទឹមនោះ យើងចង់បានព្រំដែនមួយមានសន្តិភាព ព្រំដែនមានកិច្ចសហប្រតិបត្តិការ ព្រំដែនមានការអភិវឌ្ឍរីកចម្រើនស្រមតាមចក្ខុវិស័យ២០៥០ កម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់ ដូច្នេះយើងត្រូវរួមគ្នាទទួលខុសត្រូវរៀងៗខ្លួនដោយបែងចែកភារកិច្ច ការពារសន្តិសុខ សុវត្ថិភាពនៅក្នុងខេត្ត រក្សាអ្នកវិនិយោគទាក់ទាញអ្នកទេសចរ ដើម្បីសេដ្ឋកិច្ចរបស់យើងមានការរីកចម្រើន។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា យើងត្រូវប្រមូលការឈឺចាប់ ដើម្បីឱ្យជាតិយើងខ្លាំងគឺមាន៤ចំណុច ១.យុវជនជំនាន់ក្រោយមានចំណេះជំនាញ បទពិសោធន៍ បច្ចេកទេស ជាយុវជនបន្តវេន ២.ខ្លាំងប្រជាពលរដ្ឋខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ៣.ខ្លាំងវីរកងទ័ពរបស់យើងមានទឹកចិត្តការពារទឹកដី អាយុជីវិតប្រជាពលរដ្ឋ ៤.ខ្លាំងថ្នាក់ដឹកនាំរបស់យើង គឺសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដឹកនាំប្រទេសមានការរីកចម្រើន។
អំណោយជាសម្ភារៈរបស់សប្បុរសជនចែកជូនដល់គ្រួសារកងទ័ពជួមុខចំនួន ៩៨គ្រួសារ៖ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម កន្ទេល១ ភួយ១ មី២កេស ទឹកសុទ្ធ ២កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ឃីតគ្រឿងទេសមួយកញ្ជប់ ( បង្គារក្រៀម ត្រីងៀត ត្រសក់ចាវ គីឆា ខ្ទឹមសរ ប៊ីចេង ស្កសរ ប្រេងឆា ត្រីខ ប្រហុក និងថវិកា ៥០ម៉ឺនរៀល៕