ឯកឧត្តម ឆេង សុភ័ក្រ និងលោក មីន កុម្ភៈ អញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តទី៤ ឆ្នាំ២០២៥ នៅភូមិរ៉ុងសន្លឹម (ចំនុច២៣)

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឆេង សុភ័ក្រ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តទី៤ ឆ្នាំ២០២៥ នៅភូមិរ៉ុងសន្លឹម (ចំនុច២៣) ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត គណៈអភិបាលក្រុង ក្រុមប្រឹក្សាក្រុង ប្រធានមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ មានការចូលរួមលើកឡើងជាមតិយោបល់ សំណើ និងសំណូមពរពីប្រជាពលរដ្ឋ ទាំងផ្ទាល់មាត់ និងតាមរយៈសំបុត្រមានចំនួនសរុប ៥៣ សំណើ សំណូមពរ ដែលត្រូវបានយកមកដោះស្រាយ។
ឯកឧត្តម ឆេង សុភ័ក្រ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានលើកឡើងថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺពិតជាមានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋលើកឡើងនូវមតិយោបល់ សំណើ សំណូមពរ ជាពិសេសចូលរួមផ្តល់អនុសាសន៍ឱ្យបានផុលផុសសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការផ្តល់សេវារដ្ឋបាលសាធារណៈពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ឱ្យបានកាន់តែល្អប្រសើរប្រកបដោយគណនេយ្យភាព តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ លោក មីន កុម្ភៈ អភិបាលរងខេត្ត បានថ្លែងក្នុងវេទិការពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តក្រុងកោះរ៉ុង ដោយគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ចំពោះបងប្អូនអ្នកកោះ ជាពិសេសអ្នកកោះរ៉ុងរបស់យើងត្រូវមានស្នាមញញឹមសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះតំបន់កោះ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់ទេសចរណ៍មួយសំខាន់សម្រាប់ខេត្តព្រះសីហនុ។ ទន្ទឹមនោះ ចំពោះបញ្ហាគ្រឿងញៀនក៏ជាបញ្ហាសំខាន់មួយផងដែរ សូមអាណាព្យាបាលទាំងអស់ត្រូវយកចិត្តទុកដាក់ណែនាំកូនចៅរបស់ខ្លួនឱ្យជៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបង្កឱ្យខូចអនាគត និងបំផ្លាញទ្រព្យសម្បត្តិក្រុមគ្រួសារ និងទ្រព្យសម្បត្តិសាធារណ។ ហើយរាល់សំណើ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ យើងនឹងរួមគ្នាដោះស្រាយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចអភិវឌ្ឍក្រុង ស្រុក ខេត្តរបស់យើងឱ្យកាន់តែមានការរីកចម្រើន ក្នុងគោលបំណងពង្រឹងគណនេយ្យភាព តម្លាភាពជាមួយប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក អភិបាលរងខេត្ត បានបន្តថា រាល់សំណើ និងសំណូមពររបស់បងប្អូនដែលប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ រដ្ឋបាលខេត្តនឹងយកសំណើ និងសំណូមពរទាំងនោះទៅពិភាក្សាក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យពិភាក្សា ដោះស្រាយ និងដាក់បញ្ចូលក្នុងគម្រោងអាទិភាពទៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ក្នុងគោលដៅលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការអភិវឌ្ឍមូលដ្ឋានបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសមធម៌ឈានទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ សូមបងប្អូនចូលរួមជាមួយអាជ្ញាធរភូមិ សង្កាត់ ដើម្បីរួមគ្នាមានវិធានការបង្កាទប់ស្តាត់បទល្មើសនៅក្នុងមូលដ្ឋាន ដើម្បីឱ្យភូមិឃុំ សង្កាត់របស់យើងមានសុវត្ថិភាព៕