សិកា្ខសាលាបណ្តុះបណ្តាល ស្តីពី «ការពិនិត្យ និងការគ្រប់គ្រងការផ្តល់ការលើកទឹកចិត្ត ក្រោមយន្តការ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ)»

នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៥ លោក ឡុង​ ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងសិកា្ខសាលាបណ្តុះបណ្តាលស្តីពី «ការពិនិត្យ និងការគ្រប់គ្រងការផ្តល់ការលើកទឹកចិត្ត ក្រោមយន្តការ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត(អ.គ.វ.រ.ខ)»​ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម​ ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងអភិបាល នៃគណៈអភិបាល និងលោក លោកស្រី តំណាងមន្ទីរ អង្គភាព មកពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កោះកុង កំពត កែប នៅសណ្ឋាគារ Sea Breeze ខេត្តព្រះសីហនុ។ថ្លែងក្នុងសុន្ទរកថា ស្វាគមន៍នៃសិក្ខាសាលានេះ លោក អភិបាលរងបានលើកឡើងថា៖ ការធ្វើប្រតិភូកម្មមុខងារ និងសិទ្ធអំណាចពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ ជាការដំឡើងកម្រិតនៃគណនេយ្យភាព និងទំនួលខុសត្រូវសម្រាប់យើងខ្ញុំជាអាជ្ញាធរមូលដ្ឋាន ដែលទាមទារឱ្យយើងខ្ញុំទាំងអស់គ្នា ត្រូវមានឆន្ទៈម្ចាស់ការ និងមនសិការវិជ្ជាជីវៈខ្ពស់ដើម្បីមានលទ្ធភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងបង្កលក្ខណៈអំណោយផលដល់វិនិយោគិនខ្មែរ និងបរទេស។ ដូច្នេះ ការរៀបចំសិក្ខាសាលានេះ ពិតជាមានភាពចាំបាច់ ចំពេលវេលា និងកាលៈទេសៈមួយដែលសមស្របបំផុត ដែលអាចនិយាយបានថាជាសិក្ខាសាលាបណ្តុះបណ្តាលផង និងរម្លឹកឡើងវិញផង សម្រាប់ក្រុមការងារដែលជាសមាជិក សមាជិកានៃអនុគណៈកម្មាធិការវិនិយោគខេត្ត។