ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន ២០នាក់

ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន ២០នាក់ នៅក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃនាពេលនេះ ព្រោះភាគីថៃនៅតែចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជា មានដូចជានៅតំបន់មុំបី ប្រាសាទតាម៉ាន់តូច តាម៉ាន់ធំ និងប្រសាទតាក្របី។ល។ ចំពោះគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដីដោះស្រាយបញ្ហាបូរណភាពទឹកដីតាមយន្តការច្បាប់ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ប៉ុន្តែខាងភាគីថៃ នៅតែបង្កសង្គ្រាម ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា មានតែប្រើប្រាស់យន្តការតបតទៅវិញតែប៉ុណ្ណោះ។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុមានការងារជាង ៤ពាន់កន្លែងនៅរង់ចាំទទួលបងប្អូន ទន្ទឹមនោះរដ្ឋបាលខេត្តចង់ឱ្យបងប្អូនងាកមករកការងារធ្វើនៅស្រុកកំណើតរបស់ខ្លួន ជាពិសេសនៅតាមរោងចក្រ សហគ្រាស ព្រោះយើងមានការងារច្រើនកន្លែងនៅខេត្តព្រះសីហនុ ហើយរដ្ឋាភិបាលខេត្ត ក៏ដូចក្រុង ស្រុក បានត្រៀមលក្ខណក្នុងការជួយអន្តរាគមន៍ដល់ពលករខ្មែរវិលមកពីប្រទេសថៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន។
ឯកឧត្តម បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវរបបសន្តិសុខសង្គម ប្រាក់សោធននិវត្តន៍ជូនដល់បុគ្គលិក កម្មករ ដែលបំរើការងារនៅតាមរោងចក្រ សហគ្រាសនូវអត្ថប្រយោជន៍ ៣យ៉ាងមានដូចជា ១.អត្ថប្រយោជន៍ផ្នែកសុខភាព ២.អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ ៣.ប្រាក់សោធននិវត្តន៍ ហើយកម្មករ និយោជិតទាំងអស់ទទួលបានអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍គ្រប់ៗគ្នាដូចមន្ត្រីរាជការដែរ។ ប្រសិនបើយើងធ្វើការនៅប្រទេសថៃ នៅពេលយើងមានកម្លាំងទទួលបានប្រាក់ខែ ក៏ប៉ុន្តែនៅពេលយើងចាស់ធ្វើការមិនបាន គឺមិនមានប្រាក់ខែ និងប្រាក់សោធននិវត្តន៍ដូចនៅកម្ពុជានោះទេ ទន្ទឹមនោះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា ដើម្បីបង្កើតការងារជូនបងប្រ ជា￸ពលរដ្ឋខ្មែរ។
ឯកឧត្តម បានបន្តទៀតថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តោតសំខាន់ទៅលើ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ការងារក្នុងស្រុកយើងល្អជាងទៅធ្វើការងារនៅក្រៅប្រទេស ព្រោះរាជរដ្ឋាភិបាលបានគិតគូរពីអនាគតរបស់ប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ទន្ទឹមនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេស និងផ្តល់អត្ថប្រយោជន៍ជូនដល់និយោជិត កម្មករ មានប្រាក់សោធននិវត្ត បណ្ណ ប.ស.ស នៅពេលយើងមានជំងឺអាចទៅទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃ ចំពោះស្រ្តីមានផ្ទៃពោះទៅពិនិត្យសុខភាពរហូតកុមារមានអាយុ ២ឆ្នាំ មានរយៈពេល ១៤ដង ក្នុងការពិនិត្យផ្ទៃពោះម្តងទទួលបានថវិកា ៨ម៉ឺនរៀល។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនពលករវិលពីប្រទេសថៃចំនួន ២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី១យួរ ឃីតមួយកញ្ចប់ ( ក្រមា១ សារុង១ មុង១ ភួយ១ ) សាច់ក្រក ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀល៕