ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានរៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់អង្គការ UNESCO

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានរៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង ពិធីនេះប្រារព្ធធ្វើនៅវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” មានចំនួន ០៣ ទីតាំង រួមមាន «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣»។