ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោង CCA4CS និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីដាំដើមកូនកោងកាង ដើម្បី «រួមគ្នាបង្កើនគម្របបៃតងជូនមាតុភូមិយើង»
របស់គម្រោងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រ នៃប្រទេសកម្ពុជា (CCA4CS) នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និស្សិតអាហារូបករណ៍សម្តេចតេជោ ប្រជាសហគមន៍ និងរៀបចំដោយអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat)។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ យើងបានបង្កើតតំបន់គ្រង់គ្រងជលផលសមុទ្រតាមប្រកាសលេខ៥០៤ លើផ្ទៃដី ១០ ០៩០ហិកតា ក្នុងនោះព្រៃកោងកាងមាន ២ ៨០០ហិកតា ក្រៅពីនេះសុទ្ធតែជាផ្ទៃទឹក សម្រាប់អ្នកនេសាទជាលក្ខណៈគ្រួសារមានប្រមាណ ៥០០នាក់ក្នុងមួយថ្ងៃ នៅតបន់នេះយើងបានធ្វើការដាំដុះបានជាង ៥០ ០០០កូនរួចហើយ។ ទន្ទឹមនោះយើងនៅសល់កូនកោងកាងជាង ១០ម៉ឺនកូន យើងធ្វើការដាំនៅជម្ពូខ្មៅ និងបេកក្រង់បន្តទៀត ការដាំជារឿងមួយ ក៏ប៉ុន្តែការ ថែទាំជារឿងសំខាន់ដែលទាមទាឱ្យយើងចូលរួមថែរក្សាទាំងអស់គ្នា។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) ដែលបានសហការជាមួយក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធរៀបចំពិធីដាំដើមកូនកោងកាងក្រោមការអនុវត្តគម្រោង ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានតំបន់ឆ្នេរ ក្នុងគោលបំណង៖ ១.លើកកម្ពស់ការបន្សាំ និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃតំបន់លំនៅឋានរបស់ប្រជាជនដែលងាយរងគ្រោះនៅតាមតំបន់ឆ្នេរ ២.បង្កើនចំណេះដឹង និងសមត្ថភាពសហគមន៍នៃការដាំដើមកោងកាងឡើងវិញ ៣.ការដាំដើមកោងកាង គឺជាការការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី បង្កើតជម្រកសម្រាប់សត្វសមុទ្រ ៤.ដើមកោងកាងមានសមត្ថភាពបំពេញតួនាទីដំណើររំលាយកាបូនក្នុងខ្យល់ ដោយកាត់បន្ថយការបំពុលអាកាស និងអភិរក្សបរិស្ថាន ៥.កោងកាងអាចអភិវឌ្ឍក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ សម្រាប់ទេសចរជីវចម្រុះ និងការអភិរក្សធម្មជាតិ។
ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោង CCA4CS អបអរសាទរចំពោះការខិតខំប្រឹងប្រែងពីអាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ដឹកនាំខេត្តធ្វើការដាំដុះ ស្តារព្រៃកោងកាងជាបន្តបន្ទាប់ អ្វីដែលយើងធ្វើការដាំដុះ ស្តារព្រៃកោងកាងឡើងវិញ។ ដើម្បីបង្កើនគម្របបៃតងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាការវិនិយោគជូនបងប្អូនមូលដ្ឋាន ក្រសួងបរិស្ថាន និងអាជ្ញាធរដែនដីបានចូលរួមចំណែកធ្វើយ៉ាងណាបង្ការទប់ស្កាត់ការកាប់ទន្ទ្រាន ការកាន់កាប់ និងការរុករានយកដីព្រៃដោយខុសច្បាប់ យើងរួមគ្នាការពារគម្របបៃតង យើងត្រូវដាំដុះព្រៃកោងកាងឱ្យបានជាអតិបរិមាឱ្យមានតុល្យភាពក្នុងការស្រូបយកឧស្ម័នផ្ទះកញ្ចក់ ទាក់ទងនឹងភាពបៃតង ក្រសួងបរិស្ថានបានធ្វើយុទ្ធនាការពន្លកបៃតង ដោយបង្កើតឱ្យមានថ្នាលបណ្តុះកូនឈើតាមតំបន់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤។ យើងបានធ្វើការបណ្តុះ និងចែកកូនឈើដាំបានចំនួន ១ ២០០ ០០០ដើម ហើយឆ្នាំ២០២៥ ធ្វើការបណ្តុះ និងចែកកូនឈើដាំដុះចំនួន ៣ ០០០ ០០០ដើម យើងក៏បានធ្វើការចែកកូនឈើសម្រាប់ធ្វើការដាំដុះបានចំនួន ៥០០ ០០០ដើម នេះជាឆ្នាំទីពីរ នៃយុទ្ធនាការពន្លកបៃតងនិងចាប់ផ្តើមនៅសប្តាហ៍ទី១ ខែសីហា ២០២៥ ក្រោមអធិបតិភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនោះក៏មានយុទ្ធនាការដាំកូនត្នោត ១លានដើមផងដែរ ការដាំកូនកោងកាងនៅទីនេះ ជាផ្នែកមួយនៃការស្តារព្រៃកោងកាងនៅក្នុងតំបន់ រួមចំណែកក្នុងយុទ្ធនាការពន្លកបៃតង ហើយគោលដៅសំខាន់ គឺការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រោះព្រៃកោងកាង គឺជាអង្គរក្សសមុទ្រមួយដែលជួយទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ផងដែរ៕





























