រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយនាយ នាយរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងបាននាំយកអំណោយរបស់សម្កេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅទីបញ្ជាការសឹករងព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ថ្ងៃនេះយើងបានមកជួបសំណេះសំណាលជាមួយនាយ នាយរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត សូមពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក និងសេចក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះកងកម្លាំងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ សូមបងប្អូនមានសុខភាពល្អគ្រប់គ្នា និងគ្រប់ក្រុមគ្រួសារ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ទោះបីបងប្អូនមិនមានតួនាទីភារកិច្ចដូចមន្ត្រីប៉ូលីស ក៏ប៉ុន្តែយើងមានភារកិច្ច កាតព្វកិច្ចការ ពារសុខសន្តិភាព ការពារបូរណភាពទឹកដី និងការពារប្រជាពលរដ្ឋកម្ពុជា។ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការលះបង់កម្លាំងកាយចិត្ត ដោយមិនក្លាយនឿយហត់ក្នុងការដឹកនាំរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលជារបបឃោឃៅយង់ខ្នង កាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជា ហើយការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ដើម្បីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៥០ កម្ពុុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរឡើង ម្យ៉ាងទៀតកត្តាសុខសន្តិភាព នាំមកនូវការអភិវឌ្ឍន៍ នាំមកនូវការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាន យកចិត្តទុកដាក់ក្នុងការដឹកនាំប្រទេសជាតិ មានសុខសន្តិភាព ទន្ទឹមនោះក៏បានដាក់ចេញនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើវិស័យចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដូច្នេះយើងត្រូវខ្លាំងសម្រាប់ខ្លួនយើង យើងជាកងកម្លាំងត្រូវត្រៀមខ្លួនជានិច្ចតាមបទបញ្ជាររបស់រាជរដ្ឋាភិបាលគ្រប់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត មានដូចជាស្បៀងអាហារ និងសម្ភារៈមួយចំនួនឧបត្ថម្ភជូនដល់តំបន់ប្រតិបត្តការសឹករងព្រះសីហនុមានដូចជា អង្គរ ៥តោន មី ២០០កេស ត្រីខកំប៉ុង ២០០យួរ ទឹកសុទ្ធ ១០០កេស សម្ភារៈផ្សេងៗ រួមមាន៖ វ៉ាឡូ ៧០
ម៉ាស៊ីនភ្លើង (3K=3000w) ១គ្រឿង ខ្សែភ្លើងមូលខ្មៅ (2×1.5) ៥ដុំ (១ដុំ=១០០ម៉ែត្រ) អំពូលភ្លើង 50w ២០អំពូល ព្រីដោតភ្លើង ១៥ តង់ទំហំ 8ម x 12ម ៥តង់ ទំហំ 6ម x 8ម ១៥តង់ ចប ៣២ ប៉ែល ៣២ ត្រសេស ១០ កាំបិតកាប់ព្រៃ ៣២ ពូថៅ ៣២ ប៊ីដុងទឹក ១១០ ខ្សែនីលុងទំហំ ៥លី ២ដុំ (ខ្សែពួរ ១ដុំ=៣គីឡូ) ទុសៀ ១១០ ឱសថ និងសម្ភារៈពេទ្យ (មន្ទីរសុខាភិបាលខេត្ត) ១២មុខ និងថវិកា ១០លាន រៀល៕


