ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោម
វិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីម្ចាស់អគារជាប់គាំង និងក្រុមហ៊ុនចូលរួមចំនួន១៧០ ដែលមានសមាជិកចូលរួម ២៥១នាក់។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលធំធេង និងមានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងការដឹកជញ្ជូន ជាពិសេសកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវល្បឿនលឿន និងផ្លូវដែកជាដើម ដែលសមស្របសម្រាប់ការវិនិយោគ។ ស្របតាមទិសដៅនៃការអភិវឌ្ឍផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានកំណត់ផែនការវិនិយោគសាធារណៈ ជាប្រព័ន្ធតាមដំណាក់កាលច្បាស់លាស់រហូតដល់ឆ្នាំ២០៣៨ ដោយរដ្ឋបាលខេត្តបានរៀបចំជា ៤តំបន់ធំៗ ទី១.ឧស្សាហកម្ម និងដឹកជញ្ជូន ២.ទីក្រុងសមាហរណកម្មពាណិជ្ជកម្ម តំបន់ស្នាក់នៅ និងហិរញ្ញវត្ថុអន្តរជាតិ ៣.តំបន់កោះ រៀបចំជាតំបន់ទេសចរណ៍អន្តរជាតិ ៤.រុញច្រានខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម តភ្ជាប់ទៅនឹងបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងទៅកាន់ពិភពលោក សូមឱ្យអ្នកវិនិយោគចូលរួមសហការជាមួយរដ្ឋបាលខេត្ត ហើយអត្ថប្រយោជន៍របស់ក្រុមហ៊ុន គឺជាការរីករាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ថ្លែងក្នុង «សិក្ខាសាលាស្តីពីការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» នាពេលនេះ នៅក្នុងក្របខណ្ឌ នៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ក្រោមគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ តាមរយៈការជំរុញការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ការស្តារកំណើនសេដ្ឋកិច្ច និងបំពេញបន្ថែមលើយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលតាមរយៈការដាក់ចេញនូវវិធានការ និងយន្តការមានលក្ខណៈជាកញ្ចប់ ប្រទាក់ប្រឡា មានតម្លាភាព និងប្រសិទ្ធភាព។ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយល់ព្រមបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ ឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល និងធានាចីរភាពនៃមុខងារគាំទ្រ វិនិយោគតាមរយៈការផ្ទេរ និងកសាងសមត្ថភាពជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ជាបន្តបន្ទាប់។ សិក្ខាសាលា ស្តីពីការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ត្រូវបានរៀបចំឡើង មានគោលបំណងចំនួន២ គឺទី១). ពិនិត្យមើលវឌ្ឍនភាពរបស់ ម្ចាស់គម្រោងដែលទទួលការលើកទឹកចិត្ត ស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនវិនិយោគិន ដើម្បីធានាបានថា ម្ចាស់គម្រោង វិនិយោគិនអាចអនុវត្តគម្រោងរបស់ខ្លួនបានរលូន និងឆាប់រហ័ស ទី២.គោលការណ៍លើកទឹកចិត្តផ្នែកពន្ធដារជាថ្មីម្តងទៀត ព្រមទាំងផ្សព្វផ្សាយនីតិវិធីនៃការលើកលែងពន្ធអចលនទ្រព្យត្រូវបានរាជរដ្ឋាភិបាលសម្រេចនាពេលថ្មីៗនេះផងដែរ ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានអនុម័តគម្រោងចំនួន ២៩៦ ដែលមានទុនវិនិយោគប្រមាណ ៧ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីចំនួន ៥៣ ២០៥កន្លែង។ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តច្រើនជាងគេ គឺគម្រោងអគារជាប់គាំងចំនួន១៣១ ស្មើនឹង ៤៤ភាគរយ គម្រោងវិនិយោគថ្មីចំនួន១៣០ ស្មើនឹង ៤៤ភាគ រយ គម្រោងពង្រីកចំនួន២៤ ស្មើនឹង ៨ភាគរយ និងគម្រោងមានស្រាប់ចំនួន១១ ស្មើនឹង ៤ភាគរយ។ លើទិដ្ឋភាពវិស័យគម្រោងប្រមាណ ៩៤ភាគរយ ប្រមូលផ្តុំក្នុងវិស័យចំនួន៣ គឺវិស័យអចនទ្រព្យចំនួន ១១៨គម្រោង វិស័យទេសចរណ៍មចំនួន ៩៨គម្រោង និងវិស័យឧស្សាហកម្មចំនួន ៦១គម្រោង។ គម្រោងប្រមាណ ៦,៤ភាគរយផ្សេងទៀត ឬ ១៩គម្រោង មាននៅក្នុងវិស័យសេវាកម្ម វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល។ ទន្ទឹមនេះក្នុងវិស័យឧស្សាហកម្ម ក្រុមការងារបានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន៤ មានទុនវិនិយោគសរុបចំនួនប្រមាណ ១១០លានដុល្លារអាម៉េរិក ហើយរំពឹងថា នឹងបង្កើតការងារថ្មីចំនួន ១៥,២២០កន្លែង។ កន្លងមកលេខាធិការនៃក្រុមការងារបានធ្វើការសិក្សាលើទិដ្ឋភាពនៃការអនុវត្តគម្រោងបានរកឃើញថា រហូតមកដល់បច្ចុប្បន្នទុនវិនិយោគជាក់ស្តែងដែលបានអនុវត្តរួចមានប្រមាណ ២,៤៤ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣៥ភាគរយ នៃទុនវិនិយោគសរុបដែលទទួលបានការអនុម័ត។ ខ្ញុំសូមលើកទឹកចិត្តលោក លោកស្រីលើកឡើងនូវបញ្ហាប្រឈមក្នុងការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងស្វែងយល់ឱ្យកាន់តែច្បាស់នូវគោលការណ៍លើកទឹកចិត្តផ្នែកពន្ធដារ និងនីតិវិធីនៃការលើកលែងពន្ធអចលនទ្រព្យ ព្រមទាំងចូលរួមផ្សព្វផ្សាយដល់វិនិយោគិនផ្សេងទៀត ដើម្បីទទួលការលើកទឹកចិត្តវិនិយោគដោយឥតគិតថ្លៃ ឬសាកសួរព័ត៌មានបន្ថែមនៅការិយាល័យក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ។
ក្នុងអង្គសិក្ខាសិលានេះក៏មានបទបង្ហាញរបស់វាគ្មិនពាក់ព័ន្ធនឹងសក្តានុពល និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងផ្តល់ពេលវេលាសម្រាប់កម្មវិធីសំណួរ ចម្លើយ ដោយបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយជូនវិនិយោគិន និងធុរជនផងដែរ។