ពិធីប្រកាសតែងតាំងមុខតំណែងជូននាយទាហាន នាយទាហានរង និងបញ្ជូនក្របខណ្ឌ ពលទាហានថ្មី នៅផ្នែកសឹករងកំពង់សោម

ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ពិធីប្រកាសតែងតាំងមុខតំណែងជូននាយទាហាន នាយទាហានរង និងបញ្ជូនក្របខណ្ឌ ពលទាហានថ្មី នៅផ្នែកសឹករងកំពង់សោម ចំណុះតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣។

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ប្រកាសតែងតាំងមុខតំណែងជូននាយទាហាន នាយទាហានរង និងបញ្ជូនក្របខណ្ឌពលទាហានថ្មីនៅផ្នែក សឹករងកំពង់សោម ស្របពេលដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងទទួលបាននូវសេចក្តីរីករាយជាមួយនឹងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅប្រកបដោយសុខក្សេមសាន្តក្រោមម្លប់នៃសន្តិភាព។
លោកអភិបាលរងខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទីភារកិច្ច ព្យាយាមជម្នះឧបសគ្គប្រកៀកស្មាគ្នាយ៉ាងរឹងមាំ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការយ៉ាងល្អប្រសើរជាមួយនឹងភាគីពាក់ព័ន្ធក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងបានចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការអភិវឌ្ឍជាតិក្នុងពេលកន្លងមក ដែលការណ៍នេះ គឺជាពលិកម្មដ៏ធំធេង ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន ក្នុងខណៈពេលដែលប្រទេសមួយចំនួនក្នុងពិភពលោកកំពុងប្រឈម និងរងគ្រោះដោយសារសង្គ្រាម អំពើរភេរវកម្ម នឹងព្រឹត្តិការណ៍អសន្តិសុខផ្សេងៗទៀត។ សូមអបអរសាទរចំពោះ លោកវរសេនីយ៍ត្រី ម៉េង ណាន់ ត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តតែងតាំង ជាមេញ្ជាការផ្នែកសឹករងកំពង់សោម ព្រមទាំងអបអរសាទចំពោះនាយទាហាន នាយទាហានរង និងពលទាហានដែលទើបបញ្ចូនក្របខណ្ឌថ្មីនៅផ្នែកសឹករងកំពង់សោម។ ការតែងតាំងខាងលើនេះ គឺដើម្បីបន្តនិរន្តភាព នៃផ្នែកសឹករងកំពង់សោម ស្របតាមការកំណត់របស់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃផ្នែកសឹករងកំពង់សោម ត្រូវយកចិត្តទុកដាក់ និងអនុវត្តនូវការងារចាំបាច់មួយចំនួនដូចខាងក្រោម៖
១-ត្រូវយកចិត្តទុកដាក់ការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ថែរក្សាគ្រឿងសព្វាវុធ បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារឱ្យបានត្រឹមត្រូវ និងបានគង់វង្ស
២-ត្រូវពង្រឹងការហ្វឹកហ្វឺន រៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិឱ្យមានប្រសិទ្ធភាព។ ត្រូវពង្រឹងការហាត់ និងលេងកីឡាផ្សេងៗ ជាពិសេសបង្កើនជំនាញដល់យោធិនឱ្យស្របទៅតាមភារកិច្ច អភិរក្សក្បាច់គុណ ដែលបុព្វបុរសយើងបានបន្សល់ទុក យុទ្ធគុណខម និងគុណខ្មែរជាដើម
៣-ត្រូវបន្តការងារអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យបានជាប់ជាប្រចាំ ត្រៀមកម្លាំងស្មារតីដោះស្រាយគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិដែលអាចនឹងកើតឡើងជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិប្រយោជន៍ជាតិ និងប្រជាជន។ ត្រៀមមធ្យោបាយដឹកជញ្ជូន សម្ភារៈ ផ្តល់ជំនួយ ផ្តល់សេវាថែទាំព្យាបាលសុខភាព បង្កើនកិច្ចសហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដីក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ការដោះមីនរំដោះដីស្រែជូនប្រជាជន
៤-ត្រូវយកចិត្តទុកដាក់លើការធានាកិច្ចការភស្តុភារ និងសុខាភិបាលក្នុងកងទ័ព ដើម្បីធានានូវជីវភាពរស់នៅ និងសុខ ភាពរបស់កងទ័ពឱ្យបានកាន់តែល្អប្រសើរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានធ្វើការសំណេះសំណាលដល់នាយទាហាន នាយទាហានរង និងបញ្ជូនក្របខណ្ឌពលទាហានថ្មីនៅផ្នែកសឹករងកំពង់សោម និងអរគុណរាជរដ្ឋាភិបាលចេញអនុក្រិតលេខ២០១ អ.ន. ក្រ.ប.ក ចុះថ្ងៃទី២៨ ខែសីហា ២០២៤ ស្តីពីការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ស្តីពីការបង្កើតផ្នែកសិករងក្រុងកំពង់សោម ដើម្បីចូលរួមចំណែកក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការរួមចំណែកអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពង្រឹងបានយ៉ាងរឹងមាំនូវហេដ្ឋរចនាសម្ព័ន្ធ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ទេសចរណ៍ ការបរទេស មានលទ្ធភាពក្នុងការចូលរួមដោយស្មើភាព ស្មើសិទ្ធក្នុងតំបន់ និងសកលលោក ព្រមទាំងបានធ្វើការណែនាំដូចខាងក្រោម ៖
១.គាំទ្រ និងការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ២.គ្រប់គ្រងអង្គភាព ដោយយកចិត្តទុកដាក់លើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យមានស្ថេរភាព ពោលគឺប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការជំនាញ និងគ្រប់គ្រងគ្រឿងសព្វាវុធ បរិក្ខាយោធា ព្រមទាំងស្បៀងអាហារ
៣.ត្រូវពង្រឹងការហ្វឹកហ្វឺនរៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស និងបរិមាណ គុណភាព ដើម្បីបម្រើការពារជាតិឱ្យមានប្រសិទ្ធភាព
៤.ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ:គ្រប់បែបយ៉ាងដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ និងសហការជាមួយអាជ្ញាធរដែនដី
៥.ធានាកិច្ចការពារភស្តុភា និងសុខាភិបាលក្នុងជួរកងទ័ព៕