លោក ឯម ភាព បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយនឹងវិនិយោគិនលើ “គម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន”

នៅរសៀលថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយនឹងវិនិយោគិនលើ “គម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន” ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអាជ្ញាធរខេត្តព្រះសីហនុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននឹងកំពុងដំណើរការអភិវឌ្ឍន៍គម្រោងចំណតរថយន្តឆ្លាតវៃនៅខេត្តព្រះសីហនុ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។ គម្រោងនេះមានគោលបំណងដើម្បីផ្តល់ជូននូវដំណោះស្រាយចំណតរថយន្តដែលមានភាពងាយស្រួល មានសុវត្ថិភាព និងទំនើប ដើម្បីបំពេញតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងក្រុងខេត្តព្រះសីហនុ។
គម្រោងនេះបានបញ្ចប់ដោយជោគជ័យនូវដំណាក់កាលសិក្សាដែលអាចអនុវត្តបាន ហើយបច្ចុប្បន្ននេះកំពុងដំណើរការឆ្ពោះទៅរកការដេញថ្លៃប្រកួតប្រជែង ដើម្បីជ្រើសរើសដៃគូឯកជនដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំណើរការគម្រោង។
តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះក៏មានការធ្វើបទបង្ហាញអំពីប្រធានបទសំខាន់ៗរួមមាន៖
១. ទីក្រុងឆ្លាតវៃ និងបរិយាកាសនៃការវិនិយោគក្នុងខេត្តព្រះសីហនុ
២. ក្របខណ្ឌគ្រប់គ្រងគម្រោង PPP និងការរៀបចំអភិវឌ្ឍនគម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ
៣. វីដេអូបង្ហាញអំពីគម្រោងចំណតឆ្លាតវៃ និង
៤.លទ្ធផលនៃការសិក្សាគម្រោងចំណតឆ្លាតវៃខេត្តព្រះសីហនុ។
សិក្ខាសាលាផ្សព្វផ្សាយនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងមន្ត្រីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន សមាគមធុរកិច្ចឯកជន និងវិនិយោគិនពាក់ព័ន្ធជាច្រើនទៀតផងដែរ។