នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ជំនួបពិភាក្សាការងារ និងចុះហត្ថលេខាលើកិច្ចសហប្រតិបតិ្តការរវាងខេត្តព្រះសីហនុ (កម្ពុជា) និងខេត្តជាំងស៊ូ (សាធារណៈរដ្ឋប្រជាមានិតចិន) ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ស៊ូ គុនលីង អភិបាលខេត្តជាំងស៊ូ (សាធារណៈរដ្ឋប្រជាមានិតចិន) នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍អភិបាលខេត្តជាំងស៊ូ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រងនៃខេត្តព្រះសីហនុ ព្រមទាំងបានជំរាបជូនពីកត្តាភូមិសាស្ត្រ វិទ្យាសាស្ត្ររបស់ខេត្ត ស្ថិតនៅប៉ែកនារតី នៃប្រទេសកម្ពុជា មាន៦ក្រុង ស្រុក ២៩ឃុំ សង្កាត់ ១១១ភូមិ ប្រជាពលរដ្ឋ ៣១ម៉ឺននាក់ អត្រាកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ មាន ៦ភាគរយ ខេត្តសម្បុរដោយធនធានធម្មជាតិ មានកោះតូច ធំ៣២ ថ្មដុះ១ ថ្មប៉ប្រះទឹក៥ មានឧទ្យានជាតិលើគោក និងបាតសមុទ្រ មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ រដ្ឋាភិបាលប្រសិទ្ធនាមខេត្តព្រះសីហនុ ជាតារារះនាទិសនារតី ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តស្នូលនៃឆ្នេរខេត្តទាំង៤ របស់កម្ពុជា មានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប រួមបញ្ជូលគ្នាជាឆ្នេរសមុទ្រកម្ពុជា ហើយកាលពីឆ្នាំ២០១១ ឆ្នេរសមុទ្រកម្ពុជាត្រូវបានដាក់បញ្ជូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោក។ ខេត្តព្រះសីហនុមានផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ផ្លូវទឹកមានកំពង់ផែចំនួន៣ កំពង់ផែកែវផុស ស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយកំពង់ផែក្រុងព្រះសីហនុ កំពង់អភិវឌ្ឍជាបីដំណាក់កាលឱ្យមានជំរៅទឹករហូតដល់ ១៧,៥០ម៉ែត្រ នៅឆ្នាំ២០៣០ អាចនិយាយបានថា នាវាដែលធ្វើចរាចរណ៍នៅលើពីភពលោកអាចចូលចតបាន។ ផ្លូវអាកាសមានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ អាចចុះចតយន្តហោះប្រភេទ 4E ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានអបអរសាទរជើងហោះហើរត្រង់ពីទីក្រុងវ៉ូស៊ី ខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែឧសភា ២០២៥ ទន្ទឹមនឹងនោះ ក៏មានការដឹកជញ្ជូនតាមផ្លូវទឹកពីខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ អាចនិយាយបានថា មកទាំងផ្លូវអាកាស និងផ្លូវទឹក។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាង ៣០០លានដុល្លា កសាងផ្លូវក្នុងក្រុងព្រះសីហនុមុនកូវីដ-១៩ រួមទាំងការអនុវត្តគោលនយោបាយ (ខ្សែក្រវ៉ាត និងផ្លូវ) ផ្សារភ្ជាប់នឹងគោលនយោយចតុកោណ និងគោលនយោបាយបញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា ទន្ទឹមនោះ ក៏សាងសង់រូបសំណាក់តំណាងឱ្យអរិយធម៌ និងវប្បធម៌ផងដែរ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៣ម៉ឺននាក់។ សូមអបអរសាទរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុនចំនួន២០០ ដែលត្រូវសម្ពោធនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងទទួលក្រុមហ៊ុនវិនិយោគពី៣០០ និង ៤០០ក្រុមហ៊ុននៅពេលខាងមុខ។
ឯកឧត្តម ស៊ូ គុនលីន អភិបាលខេត្តជាំងស៊ូ បានថ្លែងអំណរគុណការណែនាំដល់គណៈប្រតិភូ ហើយកាលពីឆ្នាំ២០២២ យើងបានទទួលអភិបាលខេត្តព្រះសីហនុ នៅខេត្តជាំងស៊ូ យើងបានសម្រេចបានក្រុមហ៊ុន១០០ ហើយថ្ងៃនេះ មានក្រុមហ៊ុន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ឯកឧត្តម អភិបាលខេត្តជាំងស៊ូ បានបញ្ជាក់ថា ខេត្តជាំងស៊ូ ជាប់សមុទ្រភាគខាងកើត នៃប្រទេសចិន ប្រជាជន ៨៥លាននាក់ មានសេដ្ឋកិច្ចមានការរីកចម្រើន ហើយដំណើទស្សនកិច្ចនាពេលនេះ ក្នុងគោលបំណងអនុវត្តនូវកិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រោះគម្រោងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ជាគម្រោងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា តាមរយៈគោលនយោបាយ ខ្សែក្រវ៉ាត់ និងផ្លូវ ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុនចំនួន២០០ យើងសង្ឃឹមថា និងទទួលបានក្រុមហ៊ុនពី៣០០ ទៅ៤០០ នៅថ្ងៃខាងមុខ។
ឯកឧត្តម បានបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំផ្លាស់ប្តូរទេសចរណ៍ចិន និងកម្ពុជា ហើយខេត្តជាំងស៊ូ និង ខេត្តព្រះសីហនុ មានភូមិសាស្ត្រដូចគ្នាបង្កើតបាននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យអប់រំ សុខាភិបាលជាមួយខេត្តព្រះសីហនុ ហើយដំណើទស្សនកិច្ចនាពេលនេះ ផ្តោតសំខាន់ទៅលើការងារមនុស្សធម៌ជួយដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យបិទត្រាំង ជាំងស៊ូ ព្រមទាំងបាននាំមកនូវក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តជាំងស៊ូ ជួយពិនិត្យព្យាបាលជំងឺបេះដូង និងជំរុញបង្កើតមូលនិធិសប្បុរសធម៍បន្ថែមទៀតក្នុងការជួយគ្នាទៅវិញទៅមក។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តជាំងស៊ូ ក៏បានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចនៅខេត្តជាំងស៊ូផងដែរនៅពេលសមស្របណាមួយ៕


