នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅទីស្នាក់ការសាខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានធ្វើការថ្លែងអំណរគុណ និងអរគុណចំពោះបងប្អូនសប្បុរសជនដែលបាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគ បរិភោគឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាពេលនេះ ដើម្បីរួមចំណែកជួយដល់ជនរងគ្រោះ ងាយរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក៏ដូចជានៅទូទាំងប្រទេសផងដែរ ហើយសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ និងយកអំណោយទាំងអស់នេះយកទៅធ្វើការចែកជូនដល់ដៃប្រជាពលរដ្ឋដែលត្រូវការជំនួយចាំបាច់។
ឯកឧត្តម ម៉ាង ស៊ីណេត បានបន្តថា ក្នុងនាមប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមធ្វើការអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជនរួមជាតិ អាជីវករ ពាណិជ្ជករ អញ្ជើញចូលរួមបរិច្ចាគថវិកា និងសម្ភារៈតាមសទ្ធាជ្រះថ្លាផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់ក្នុងសហគមន៍ និងជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រា ។ល។ ទៅតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដោយមិនមានប្រកាន់វណ្ណៈ ពណ៍សម្បុរ ឬនិន្នាការនយោបាយ។
ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមបរិច្ចាគធនធានរបស់ខ្លួនជាថវិកា ក៏ដូចជាសម្ភារក្តីដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុពុំខានឡើយ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅរង់ចាំទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជនពីគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ គ្រប់ពេលវេលា ព្រមទាំងជូនពរឱ្យឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋានមានសុខភាពល្អ ប្រាជ្ញាឈ្លៀសវៃ កម្លាំងមាំមួនរកស៊ីទទួលទានមានបានកាន់តែល្អបន្ថែមទៀត។
ថវិកាដែលទទួលបានពីសប្បុរសជនលើកទី១ សរុបចំនួន ២៨៥ ៧០០ដុល្លារអាមេរិក៕


