កិច្ចប្រជុំផ្សព្វផ្សាយ “កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម”

នាព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ លោក ឡុង​ ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម” ដែលដឹកនាំដោយ ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារ Sea Breeze ខេត្តព្រះសីហនុ។

ថ្លែងក្នុងសុន្ទរកថា បើកកិច្ចប្រជុំនេះ លោក អភិបាលរងបានលើកឡើងថា៖ អាស្រ័យដោយភាពសម្បូរបែបនៃហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងលក្ខណៈអំណោយផលនៃកត្តាភូមិសាស្ត្រចំពោះវិស័យភស្តុភារកម្មនេះហើយ ខេត្តព្រះសីហនុនឹងបន្តដើរតួជាច្រកផ្លូវនាំទំនិញចេញចូល ដ៏ធំបំផុតរបស់កម្ពុជា។ ស្របគ្នាជាមួយនឹងផែនការប្រើប្រាស់ដីធ្លី ផ្ទៃដីមួយផ្នែកនៃខេត្តព្រះសីហនុនឹងត្រូវបានតំរង់ទិសទៅជាតំបន់ឧស្សាហកម្ម ជាមជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងអន្តរជាតិ ដែលអាចស្តុកទុកទំនិញសម្រាប់នាំចេញទាន់ពេលវេលា និង បង្កើនភាពងាយស្រួលបន្ថែមទៀតដល់ពាណិជ្ជកម្មនៅកម្ពុជា។