ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព មាន លោកគ្រូ អ្នកគ្រូ៖ សរុបចំនួន ៥០នាក់ (ស្រី ៣២នាក់)។
កម្រិតមត្តេយ្យសិក្សា៖ មានចំនួន ០៨ថ្នាក់ មានសិស្សសរុប ៤២៧នាក់ (ស្រី ២១៤នាក់) កម្រិតបឋមសិក្សា៖ មានចំនួន ៣៦ថ្នាក់ មានសិស្សសរុប ២,៤៨៦នាក់ (ស្រី ១,១១៧នាក់)។ បន្ទាប់ពីទទួលបានការចុះវាយតម្លៃផ្ទាល់ពីគណៈកម្មការវាយតម្លៃសេវាសាធារណៈគំរូ សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយឈរជើងក្នុងចំណាត់ថ្នាក់ Top 5 នៅទូទាំងប្រទេស។ ជាមួយគ្នានេះ គណៈកម្មការវាយតម្លៃក៏បានកោតសរសើរ ចំពោះសិល្បៈនៃការធ្វើបទបង្ហាញរបស់សាលានាពេលកន្លងមក ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឈានទៅរកការជ្រើសរើសជាសាលាបម្រើសេវាសាធារណៈគំរូ។ បច្ចុប្បន្នគណៈគ្រប់គ្រងសាលាបាននិងកំពុងខិតខំបំពេញបន្ថែមនូវកិច្ចការសំខាន់ៗមួយចំនួនរួមមាន៖ បំពេញបន្ថែមរាល់ឯកសារក្នុងក្រូណូស្តង់ដារទាំង ៨ ដែលនៅខ្វះចន្លោះ កែលម្អស្លាយ (Slides) បទបង្ហាញឱ្យកាន់តែមានគុណភាព ដើម្បីចែករំលែកដល់លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ថែទាំសួនច្បារ និងកន្លែងនានាក្នុងបរិវេណសាលារៀនទាំងមូល។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការកែលម្អអនាម័យ បរិស្ថាន និងជាពិសេសគឺការរៀបចំកន្លែងក្មេងលេងក្នុងបរិវេណសាលា ឱ្យស្របតាមស្តង់ដារសាលាគំរូ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា៖ «ការសិក្សារបស់ក្មួយៗសិស្សានុសិស្ស ត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអាណាព្យាបាល ទើបការអប់រំ និងគុណភាពសិក្សាទទួលបានលទ្ធផលខ្ពស់»។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា គ្រប់កិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលកន្លងមក នឹងទទួលបានជោគជ័យក្នុការប្រឡងប្រជែងជាសាលាផ្តល់សេវាសាធារណៈគំរូ ដែលនេះមិនត្រឹមតែជាមោទនភាពរបស់សាលាប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូប និងជាកិត្តិយសដ៏ធំធេងសម្រាប់ខេត្តព្រះសីហនុទាំងមូល ព្រមទាំងមាតាបិតាសិស្សគ្រប់រូបផងដែរ៕































