គណៈកម្មាធិការទី៤ នៃរដ្ឋសភា បំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាលខេត្តដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អញ្ជើញទទួលស្វាគមន៍គណៈកម្មការទី៤ នៃ រដ្ឋសភា នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។ ជំនួបសវនាការនេះដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរូមពីឯកឧត្តម លោកជំទាវ​​ជាសមាជិកគណៈកម្មការ និងប្រតិភូអមដំណើរសរុប១៩រូប ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម វិធានការដោះស្រាយ និងចក្ខុវិស័យទៅមុខ លើវិស័យការងារសន្តិសុខសណ្តាប់ធ្នាប់ ការបង្ការ ទប់ស្កាត់ និងការបង្រ្កាបបទល្មើសផ្សេងៗ ពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងវិស័យមុខងារសាធារណៈ។
ក្រៅពីការរៀបរាប់អំពីលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងបទបញ្ជានានា លោកអភិបាលក៏បានឆ្លៀតយកឱកាសនេះ ជម្រាបជូនគណៈប្រតិភូអំពី សក្តានុពលភូមិសាស្ត្រ របស់ខេត្តព្រះសីហនុ ព្រមទាំងបានលើកឡើងពីទិដ្ឋភាពវិនិយោគ និងសមិទ្ធផលនៃកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុផងដែរ។
ឯកឧត្តមប្រធានគណៈប្រតិភូបានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងបានផ្តល់អនុសាសន៍គន្លឹះចំនួន ៣ ចំណុចបន្ថែមរួមមាន៖
1.បន្តថែរក្សាអនាម័យ និងសោភ័ណ្ឌភាពឆ្នេរ ក៏ដូចជាបណ្តាកោះនានាឱ្យកាន់តែល្អប្រសើរ។
2.បន្តទាក់ទាញវិនិយោគិនបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។
3.ជំរុញការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ (ក្រុង ស្រុក ឃុំ សង្កាត់) ឱ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើង៕