ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានតំណាងរដ្ឋបាលខេត្ត អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយសេចក្តីសម្រេច និងពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង ស្ថិតនៅឧទ្យានជាតិសមុទ្រកោះរ៉ុង ក្រោមអធិបតីភាព ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន។ សិក្ខាសាលានេះបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន, វិទ្យាស្ថានបច្ចេកវិទ្យាសាគរសាស្រ្តចិន (NOTC) និងអង្គការសត្វនិងរុក្ខជាតិ (Fauna & Flora – F&F) ប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមផងដែរពីលោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ។
លោកអភិបាលរងបានលើកឡើងថា ការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង (Zoning) នៅក្នុងតំបន់ការពារធម្មជាតិ គឺជាកិច្ចការដ៏ម៉ត់ចត់ និងដោះស្រាយបញ្ហាប្រឈមជា
ច្រើន។ ដូច្នេះ សិក្ខាសាលានេះ គឺជាជំហានយុទ្ធសាស្ត្រសំខាន់ និងចំពេលវេលាមួយដែលខេត្តព្រះសីហនុបាននឹងកំពុងបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ សំដៅបង្កើតតុល្យភាពរវាង «ការអភិរក្សតំបន់ស្នូល និងតំបន់អភិរក្ស» និង «ការប្រើប្រាស់ដោយចីរភាពនៅក្នុងតំបន់សហគមន៍ និងតំបន់ប្រើប្រាស់ប្រចាំថ្ងៃ»។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានសម្តែងនូវការកោតសរសើរ ថ្លែងអំណរគុណ និងសង្កត់ធ្ងន់លើតួនាទីយ៉ាងសំខាន់របស់ កងកម្លាំងទាំង៣ ដែលមិនត្រឹមតែមានភារកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងស្នូលដ៏សំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមសហការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសសមុទ្រគ្រប់ប្រភេទផងដែរ។















