ខេត្តព្រះសីហនុ៖ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែកគ្រប់ប្រភេទ របស់ក្រុមហ៊ុន ជីនដឹលី ថេកណូឡជី ផាយ អ៊ីនដាសស្ទ្រី ឯក (Jindele Technology Pipe Industry Co.,LTD) ដែលមានទីតាំងនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមជម្រាបថា រោងចក្រផលិតបំពង់ទីបដែកនេះ មានទីផ្សារនាំចេញទៅបណ្តាប្រទេសសមាជិកអាស៊ាន និងផ្គត់ផ្គង់តម្រូវការក្នុងស្រុកផងដែរ។ តាមការបញ្ជាក់ពីម្ចាស់សំណើ នៅពេលពេញសមត្ថភាព រោងចក្រនេះនឹងមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណ ១០០នាក់ផងដែរ។
ក្នុងនាមជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត លោកអភិបាលរងបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដោយសម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំ។
ជាមួយគ្នានោះ លោកក៏បានសំណូមពរឱ្យក្រុមហ៊ុន៖
-ព្យាយាមអូសទាញអ្នកវិនិយោគិនដទៃទៀត ឱ្យងាកមកពិចារណាបណ្តាក់ទុននៅខេត្តព្រះសីហនុ
-ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវ
-រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើនដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំងផងដែរ។
















