ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងៗអតីតយុទ្ធជន ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ថ្ងៃនេះយើងបានមកជួបគ្នាសារជាថ្មីជាមួយពូមីងម្តងទៀត ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជនរបស់យើងដែលរស់នៅទីនេះដែលបានទទួលផ្ទះ និងដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាល ជាពិសេសពីរដ្ឋបាលខេត្តព្រះសីហនុ សូមជូនពរពូមីងមានសុខភាពល្អ ប្រាជ្ញាឈ្លៀសវៃ ទទួលជ័យជំនះគ្រប់ភារកិច្ច។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកយើងបានផ្តល់កូនឈើ និងសត្វជាបន្តបន្ទាប់មានដូចជា កូនសាវម៉ាវ ខ្នុរ ដូង ចេក មៀន ស្អំ មាន់ ទាជាដើមដើម្បីឱ្យបងប្អូនយកមកធ្វើការដាំដុះនិងចិញ្ចឹមនៅទីនេះតាមគ្រួសារនីមួយៗ ដូច្នេះយើងត្រូវដាំដុះដំណាំរួមផ្សំបន្ថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើឡើងថែមទៀត។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ២០៣០ និង២០៥០ ឱ្យប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងជាប្រទេសដែលមានចំណូលខ្ពស់ ជាពិសេសការដាក់ចេញនូវព្រំដែនមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងព្រំដែនមួយមានការអភិវឌ្ឍន៍។ ព្រមទាំងបានថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជនដែលបានខិតខំបំពេញការងារក្នុងបុព្វហេតុការពារជាតិ មាតុភូមិនាពេលកន្លងមក ហើយបងប្អូនជាប្រតិបត្តិករឈ្នះឈ្នះ ក្នុងកិច្ចការពារជាតិ ហើយគុណបំណាច់របស់អតីតយុទ្ធជនរបស់យើងដែលបានលះបង់កម្លាំងកាយ សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋរហូតកម្ពុជាទទួលបានសុខសន្តិភាព និងការឯកភាពផ្ទៃក្នុង។ សម្តេចតេជោ និងសម្តេចធិបតី តែងតែបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនរបស់យើង ដូច្នេះថ្ងៃនេះយើងបានមកទីនេះ ដើម្បីឈ្វេងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើងនៅទីនេះ និងថ្ងៃបន្តបន្ទាប់នៅពេលខាងមុខ។
អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតចែកជូនអតីតយុទ្ធជនចំនួន ៦៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ១កេស ទឹក Pocarisweat ១កេស មី ១កេស ទឹកត្រី ១យូរ ត្រីងៀតសមុត្រ ១គីឡូក្រាម នុំសណ្តែកដី ១ថង់ និងថរិកា ១០ម៉ឺនរៀល៕
















































