លោកស្រី ម៉ាក សំណាង បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ដូ ថាញ់ជុង (Do Thanh Trung)

ទីក្រុងហៃហ្វុង ប្រទេសវៀតណាម៖ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោកស្រី ម៉ាក សំណាង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ដូ ថាញ់ជុង (Do Thanh Trung) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហៃហ្វុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យផ្កាក្ងោក និងពិធីអបអរសាទរខួបលើកទី៧១ នៃទិវារំដោះទីក្រុងហៃហ្វុង។
ក្នុងឱកាសនោះ លោកស្រី ម៉ាក សំណាង ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងហៃហ្វុងផងដែរ។
ជាមួយគ្នានេះ លោកស្រីបានធ្វើការចែករំលែកអំពីវឌ្ឍនភាព និងសក្តានុពលនៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ជូនភាគីទីក្រុងហៃហ្វុង ដែលជាទីក្រុងសម្ព័ន្ធភាព ព្រមទាំងបានពិភាក្សាលើការពង្រឹង និងជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ និងការអភិវឌ្ឍទីក្រុងជាដើម។