ឯកឧត្តម វង្ស ផាណាត និងលោកជំទាវ និងឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់ឆ្នេរអូរឈើទាល និងព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធ៌មខ្មែរ និងលេងល្បែងប្រជាប្រិយសាទរមហាសង្ក្រាន្តឆ្នាថ្មីប្រពៃណីជាតិខ្មែរ

ល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់ឆ្នេរអូរឈើទាល និងព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធ៌មខ្មែរ និងលេងល្បែងប្រជាប្រិយសាទរមហាសង្ក្រាន្តឆ្នាថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ក្រោមប្រធានបទ៖ ស្នាមញញឹម និងក្តីសង្ឃឹម នៃខេត្តព្រះសីហនុ។
នាឱកាសនោះផងដែរឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ដោយបានបញ្ជាក់ថាស្របពេលដែលប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសកំពុងត្រៀមរៀបចំមហាសង្រ្គានឆ្នាំមមីទទួលទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ជាបុត្រីទី៣ កបិលមហាព្រហ្ម និងបង្ហាញនូវសេចក្តីស្រលាញ់ចំពោះជាតិ មាតុភូមិ តាមរយៈរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយជំនឿមុតមាំ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង គឺសាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ ហើយព្រឹត្តិការណ៍នាពេលនេះ បានបង្ហាញគោលបំណងផ្សព្វផ្សាយដល់សាធារណជនទាំងភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តឱ្យបានកាន់តែច្រើនកុះករនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរតាំងពីបុរាណកាលមក ដោយពិធីបុណ្យចូលឆ្នាំថ្មី គឺជាបុណ្យដ៏សំខាន់ក្នុងចំណោមពិធីបុណ្យទាំងអស់របស់ប្រជាជនខ្មែរ ដ៏យូរលង់មួយ ដែលគេតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ ឬ១៤ ១៥ និង១៦ ខែមេសា ដូច្នេះប្រជាជនខ្មែរតែងតែប្រារព្ធពិធីនេះយ៉ាងអធិកអធម ដើម្បីអបអរសាទរចំពោះការចាប់ផ្តើមនៃឆ្នាំថ្មី និងជូនពរដល់គ្នាទៅវិញទៅមក ឱ្យមានសុខភាពល្អ មានសិរីសួស្តី បវរមហាប្រសើរ ជោគជ័យ និងសុភមង្គលក្នុងជីវិត ហើយបុណ្យចូលឆ្នាំថ្មីប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ គឺ «ថ្ងៃមហាសង្ក្រាន្ត» ថ្ងៃទី២ គឺ «ថ្ងៃវារៈវ័នបត» ថ្ងៃទី៣ គឺ«ថ្ងៃឡើងស័ក» ដូចនេះប្រជា ជនខ្មែរនិយមលេងល្បែងប្រជាប្រិយនៅតាមទីវត្តអារាមនានាមានដូចជា ល្បែងសេ្តចចង់ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង បិតពួន បោះអង្គុញ ទាញព្រ័ត្រ រាវបង្កង បាយខុំ និងចត្រង្គជាដើម។ល។ ហើយការលេងល្បែងប្រជាប្រិយទាំងនេះ គឺមានប្រយោជន៍ដល់រាងកាយ ផ្លូវចិត្ត ការហាត់ប្រាណ ហាត់ភ្នែក ហាត់ជើងដៃ ឱ្យរាងកាយមានសុខភាពល្អ ភ្នែកវៃ ដៃជើងរហ័សរហួននឹងជាការហាត់ចិត្តគំនិត ហាត់ប្រាជ្ញាស្មារតីមោះមុត ម្យ៉ាង ទៀតល្បែងទាំងនេះ ជាអារ្យធម៌ចាស់របស់ខ្មែរសុទ្ធសាធ ដោយហេតុថាប្រទេសកម្ពុជាដែលបានបង្កើតនូវល្បែងប្រជាប្រិយជាច្រើន។
ជាមួយគ្នានោះផងដែរឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានបញ្ចាក់ថា ក្នុងពិធីសម្ពោធសមិទ្ធិផលនានា គឺកើត ឡើងពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត សហការជាមួយមន្ទីរ-អង្គភាព និងបងប្អូនម្ចាស់តូបរៀបចំគម្រោងកែលម្អឆ្នេរអូរឈើទាលរបស់យើងដោយរួមមាន៖ ១.រៀបចំចំណតរថយន្តបានបញ្ចប់ ១០០ភាគរយ ការងារចាក់បេតុង និងគូសស្លាកសញ្ញាជាដើម រួមទាំងដាក់ភ្លើងបំភ្លឺសូឡា ៦៩ដើម, រ៉េហ្គែលូទឹកកខ្វក់ចំនួន ២៧កន្លែង, ដាំដើមអង្គារសិល្ប៍ ៣១១ដើម, ដើមស្លាកំប្រុក ៨៦ដើម, ដើមឈើទាល ២០០ដើម និងដាក់ដាំស្មៅទំហំ ១ ២០០ម៉ែត្រការ៉េ។ ២.ការងារគ្រប់គ្រងប្រព័ន្ធអគ្គិសនី ជំរុញបងប្អូនអាជីវករតបណ្តាញអគ្គិសនី និងខ្សែកាបអ៊ុប ទិកក្រោមដី ក្រោយតូបអាហារនីមួយៗ។ ៣.សាងសង់ផ្លូវដើរក្រោយតូប និងផ្លូវដើរមុខតូបដោយចាក់បេតុង និងអ៊ុតពណ៌បានបញ្ចប់ ១០០ភាគរយ។ ៤.កែលម្អតូបអាហារ និងបើកផ្លូវដើរចូលឆ្នេរចំនួន ៧ច្រក។ ៥.បំពាក់កាមេរ៉ាសុវត្ថិភាពនៅទីតាំងចំណតរថយន្ត។ ៦.បានបញ្ចប់គម្រោងសាងសង់ឃ្លាំងស្តុកពោង ១ខ្នង ទទឹង ៨ម៉ែត្រ និងបណ្តោយ ១៥ម៉ែត្រ។ ៧.សាងសង់ស្លាក (ខ្ញុំស្រឡាញ់ក្រុងព្រះសីហនុ) អ៊ុតពណ៌ក្នុងបរិវេណរង្វង់មូលបេះដូង។ ៨.លាបពណ៌ក្លោងទ្វាឆ្នេរ និងស្លាកក្លឹបឆ្នេរឡើងវិញ។ ៩.ជួសជុលបន្ទប់ទឹកសាធារណៈ ១ខ្នង និងសាងសង់អគារសម្រាប់កម្លាំងកងរាជអាវុធហត្ថយាមប្រចាំការ។ ១០.ដាក់ដុំបាល់នៅផ្លូវចេញ-ចូលឆ្នេរ ដើម្បីការពារការជិះម៉ូតូចូលឆ្នេរកម្សាន្ត ដែលបង្កឱ្យគ្រោះថ្នាក់។ ហើយសមិទ្ធផលទាំងនេះប្រែក្លាយឆ្នេរអូរឈើទាលជាទិសដៅទេសចរណ៍ស្អាតទំនើប និងមានស្តង់ដារអន្តរជាតិ ស្របនឹងគោល នយោបាយអភិវឌ្ឍន៍ខេត្តព្រះសីហនុក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រឈានមុខ ដោយក្នុងនោះដែរឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏សូមអំពាវនាវដល់គ្រប់ភាគីបន្តចូលរួមថែរក្សាសមិទ្ធផលនេះ សម្អាត អនាម័យ បរិស្ថាន សំអាតឆ្នេរអូរឈើទាលកាន់តែប្រសើរឡើងបន្ថែមទៀតដើម្បីប្រយោជន៍រយៈពេលវែងសម្រាប់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូល៕