គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះតាមដាន ត្រួតពិនិត្យជាប្រចាំ នូវទីតាំងដែលសង្ស័យថាមានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទាំងក្នុងកាស៊ីណូ និងក្នុងមូលដ្ឋាន ព្រមទាំងបានអនុវត្តនូវខ្លឹមសារអនុក្រឹត្យលេខ០៣ អនក្រ បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំយ៉ាងម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ការវិលត្រលប់នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) វិញ។
រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាយុទ្ធនាការ យ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលក្នុងការបង្ហាញសុឆន្ទៈ ការជំរុញ រួមគ្នាធ្វើពីគ្រប់ក្រសួងស្ថាប័ន ដើម្បីសម្អាតផ្ទះឱ្យបានស្អាត ថែរក្សាឱ្យបានល្អ ដែលគោលដៅយ៉ាងច្បាស់គឺ “លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើនសេដ្ឋកិច្ចស ឱ្យបានច្រើន”។
ជាមួយគ្នានេះដែរ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើសុំដល់ប្រជាជនឱ្យមានការសហការ និងចូលរួមលើគោលការណ៍ចំនួន ៣ គឺ៖
ទី១/ សូមកុំចូលរួមអនុវត្តដោយផ្ទាល់ក្នុងសកម្មភាពនៃការរួមចំណែកនៃការឆបោកតាមប្រព័ន្ធអនឡាញ
២/ សូមចូលរួមសហការ និងរាយការណ៍អំពីបទល្មើសដែលកើតមានផ្ទាល់
និងទី៣/ សូមប្រជាជនចូលរួមចាប់អាជីពដែលត្រឹមត្រូវស្របតាមច្បាប់។

















