នាព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើលទ្ធផលបឋមស្តីពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ឯ.ក Peace Petroleum (Cambodia) Co., LTD ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។
គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ មានទុនវិនិយោគប្រមាណ ៧.៥ លានដុល្លាអាមេរិក និងមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សូមជ្រាបថា បន្ថែមពីលើអត្ថប្រយោជន៍នានារាប់ចាប់ពីការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, និងការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន គម្រោងនេះក៏នឹងរួមចំណែកយ៉ាងសំខាន់លើការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់ឥន្ធនៈនៅកម្ពុជាផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំឱ្យក្រុមហ៊ុនម្ចាស់គម្រោង៖
-ធ្វើយ៉ាងណាគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន មកនៅត្រឹមកម្រិតអប្បបរមា,
-បានការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងហានិភ័យដែលអាចកើតមាន,
– រឹតបន្តឹងលើបទបញ្ជាផ្ទៃក្នុងពាក់ព័ន្ធនឹងកិច្ចការពារសុវត្ថិភាព និងសុខភាពប្រជាពលរដ្ឋ បុគ្គលិក និងកម្មករក្នុង និងជុំវិញទីតាំង,
– ប្រើប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឱ្យអស់លទ្ធភាព។
ដោយឡែក,ក្រុមហ៊ុនប្រឹក្សាយោបល់ត្រូវប្រមូលយកធាតុចូលដែលបានលើកឡើងដោយអង្គប្រជុំដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ និងមានសង្គតិភាព។
















