រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា ប្រមូលធាតុចូលលើការចេញអាជ្ញាប័ណ្ណធ្វើសេវាកម្មអគ្គិសនីនៅឃុំជើងគោ ស្រុកព្រៃនប់

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ប្រមូលធាតុចូល ក្នុងការចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុន អាយអេសអាយ យូធីលីធី ឯ.ក ធ្វើសេវាកម្មអគ្គិសនីនៅតំបន់សេដ្ឋកិច្ចពិសេស អាយអេសអាយ ISI SEZ នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។
ជាលទ្ធផល អង្គប្រជុំទាំងមូលបានធ្វើការគាំទ្រ និងលើកមតិយោបល់ទៅតាមជំនាញរៀងៗខ្លួនជូនក្រុមការងារដើម្បីធ្វើការឆ្លើយតបក្នុងនាមជាអាជ្ញាធរមូលដ្ឋានទៅអគ្គិសនីកម្ពុជាមុន។
លោកអភិបាលរង បានបញ្ជាក់ថា ក្នុងស្មារតីថែទាំអ្នកវិនិយោគ ការគាំទ្រគម្រោងតភ្ជាប់នេះជាបោះមួយជំហានទៅមុខបន្ថែមទៀតក្នុងការគាំទ្រលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដោយធានាឱ្យបាននូវការផ្គត់ផ្គង់អគ្គិសនីដែលឆ្លើយតបនឹងតម្រូវការ ក្នុងតម្លៃសមរម្យ ប្រកបដោយស្ថិរភាពខ្ពស់។