អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យលើ សំណើសុំនាំចូលនូវបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្មដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ

ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ (លើកទី២) នូវបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្មសម្រាប់រោងចក្រផលិតថ្នាំលាបពណ៌គំនូររបស់ក្រុមហ៊ុន ភីបូ អាត មេធៀរៀល (ខេមបូឌា) ឯ.ក PEBEO ART MATERIALS (CAMBODIA) CO.,LTD. មានទីតាំងស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងបានធ្វើការណែនាំដល់មន្ទីរ និងអង្គភាពជំនាញ បានការយកចិត្តទុកដាក់ត្រួតពិនិត្យ និងឱ្យបានគត់មត់ លើបរិមាណ និងជាពិសេសគ្រឿងម៉ាស៊ីន​និងវត្ថុធាតុដើមនានាដែលបានដាក់ស្នើសុំនាំចូល ដើម្បីឱ្យមានសង្គតិភាពនឹងបរិមាណដែលផលិតបាន​ និងទំហំទុនវិនិយោគ។ បន្ថែមពីលើនេះ ក្នុងស្មារតី ទាក់ទាញ និងថែទាំងអ្នកវិនិយោគ លោកអភិបាលរងបានណែនាំឱ្យសមាជិកនៃអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ខិតខំពង្រឹងសមត្ថភាព ដើម្បីអាចផ្តល់ការប្រឹក្សា ជូនអ្នកវិនិយោគទៅតាមជំនាញរៀងៗខ្លួនផងដែរ។