នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក យូសុះ សូឡៃម៉ាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ នៅសាលប្រជុំ “ មជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ” ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ អនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលម្តុំ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុង សេដ្ឋកិច្ច និងប្រជាជន ដែលបាននាំឱ្យមានការកើនឡើង នៃទីតាំងរស់នៅប្រមូលម្តុំ ជាច្រើនប្រភេទនេះ។ អនុក្រឹត្យនេះ ត្រូវបានដាក់ចេញ ដើម្បីពង្រឹងការគ្រប់គ្រង ការស្នាក់នៅ ការចុះបញ្ជី និងការត្រួតពិនិត្យអ្នកចូល–អ្នកចេញ ឱ្យមានរបៀបរៀបរយ និងស្របតាមច្បាប់។
អនុក្រឹត្យនេះ ក៏បានកំណត់អំពីតួនាទី និងការទទួលខុសត្រូវយ៉ាងច្បាស់ របស់អ្នកពាក់ព័ន្ធ រួមមាន រដ្ឋបាលខេត្ត កម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ម្ចាស់ទីតាំង និងអ្នកគ្រប់គ្រងរោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ អាជីវកម្មពាក់ព័ន្ធ ជាពិសេសកន្លែងដែលមានជនបរទេសស្នាក់នៅច្រើន និងមានការប្រមូលផ្តុំ ដើម្បីត្រៀមបង្ការ ទប់ស្កាត់បទល្មើស រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។












