ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញតំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញលើគម្រោង បង្កើតរោងចក្រកែច្នៃ និងកម្ទេសចោលសំណល់ (រថយន្ត បរិក្ខាអគ្គិសនី បរិក្ខាអេឡិចត្រូនិច សំណល់ឧស្សាហកម្ម និងលោហធាតុផ្សេងៗ) របស់ក្រុមហ៊ុន Mi Ner Va Investment Co, Ltd. ដែលមានទីតាំងស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងបានស្នើឱ្យអង្គប្រជុំទាំងមូលបានការចាប់អារម្មណ៍ទៅលើការគ្រប់គ្រងបរិស្ថាន និងវិធានការនានាដែលចាំបាច់ត្រូវដាក់ចេញដើម្បីកាត់បន្ថយនូវផលវិបាកដែលជៀសមិនផុត។
ជាលទ្ធផល ស្របជាមួយនឹងការគាំទ្រចំពោះគម្រោងនេះ តំណាងក្រសួង និងស្ថាប័នទាំងអស់បានចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ មានផលប៉ះពាល់ជាអប្បបរមា និងមាននិរន្តរភាព។
សូមជម្រាបថា ក្រុមហ៊ុន Mi Ner Va Investment Co, Ltd.មានទុនវិនិយោគសរុបប្រមាណ១០,៩ ដុល្លារអាមេរិក ដែលគ្រោងនឹងកែច្នៃនិងកម្ទេចសំណល់ (រថយន្ត បរិក្ខាអគ្គិសនី បរិក្ខាអេឡិចត្រូនិច សំណល់ឧស្សាហកម្ម និងលោហធាតុផ្សេងៗ) នៅក្នុងស្រុកដោយមិនមាននាំចូលពីក្រៅឡើយ។







