យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ សូមប្រកាសជាឱឡារិក ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងសាហាវយង់ឃ្នងរបស់យោធាថៃ នៅក្នុងអំពើឈ្លានពានមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដោយបានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិល ស្លូតត្រង់នៅតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះ និងដោយបានប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ច្រើនប្រភេទផ្ទុយនឹងច្បាប់អន្តរជាតិ ដូចជា យន្តហោះចម្បាំង នាវាចម្បាំង ផ្សែងពុល និងគ្រាប់បែកចង្កោម ជាដើម បាញ់ស្រោចចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា យ៉ាងកំរោលមិនរើសគោលដៅ ធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនស្លាប់ និងរបួស ព្រមទាំងខូចខាតផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវថ្នល់ ស្ពាន ប្រាសាទបុរាណជាច្រើនកន្លែង ។
ម្តងហើយម្តងទៀត ភាគីថៃតែងតែបង្កើតលេស និងញុះញង់ដើម្បីរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមាន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សីយ៉ាងឱឡារិក។ ជាពិសេសថ្មីៗនេះ ភាគីថៃបានទាត់ចោលសំណើបទឈប់បាញ់ដែលស្នើដោយ ឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំនួន ៣លើក និង ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក ចំនួន ១លើក។
ថ្ងៃនេះ កម្ពុជាទទួលរងការឈ្លានពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រទេសថៃ ដែលមានទំហំធំជាង និងមានកម្លាំងយោធាខ្លាំងជាង។ ប្រសិនបើពិភពលោកធ្វើព្រងើយកន្តើយ មិនអើពើ គឺស្មើនឹងការទទួលស្គាល់នូវគំរូដ៏អាក្រក់ នៃការជំរុញការអនុវត្តច្បាប់ព្រៃ «អ្នកខ្លាំងគឺឈ្នះ»។ ប្រសិនបើច្បាប់ព្រៃត្រូវបានអនុវត្តក្នុងតំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃនេះ នោះនឹងមិនមានប្រទេសតូចណាមួយលើលោកមានសុវត្ថិភាពនាពេលអនាគតឡើយ។ ការឈ្លានពានរបស់ថៃគួរតែត្រូវទទួលការថ្កោលទោស និងដាក់ទណ្ឌកម្មឱ្យធ្ងន់ធ្ងរបំផុត និងខាងតែបាន។
យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការរំលោភបំពាន សេចក្តីថ្លែង ការណ៍រួមទីក្រុងកូឡាឡាំពួ និងសកម្មភាពដ៏ឃោឃៅអមនុស្សធម៌របស់ភាគីថៃ ហើយភាគីថៃត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានទាំងនេះមកលើអធិបតេយ្យកម្ពុជា ដែលជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ជាពិសេសត្រូវដាក់សម្ពាធលើប្រទេសថៃឱ្យបញ្ឈប់រាល់ប្រតិបត្តិការយោធាថៃទាំងអស់នៅក្នុងទឹកដីកម្ពុជាជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់អន្តរជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ សូមបន្តរូបរួមគ្នាជាធ្លុងមួយ គាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងបន្តរូបរួមសាមគ្គីគ្នាជាធ្លុងមួយ ពង្រឹងភាពធន់របស់ជាតិ និងប្រឆាំងនឹងការឈ្លានពានរបស់បរទេស ដើម្បីការពារបូរណភាពទឹកដីមាតុភូមិអង្គរដ៏បវរនៃយើង។


