ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងបានប្រគល់កុំព្យូទ័រ សម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់អ្នកឧកញ៉ា តុង ចំរើន និងលោក តុង ស៊ាងធាន ជូនដល់វិទ្យាល័យទួលកែវ

រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងបានប្រគល់កុំព្យូទ័រ សម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់អ្នកឧកញ៉ា តុង ចំរើន និងលោក តុង ស៊ាងធាន ជូនដល់វិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកនាយកសាលាវិទ្យាល័យទួលកែវ បានធ្វើរបាយការណ៍ស្វាគមន៍ថា វិទ្យាល័យទួលកែវ មានលោកគ្រូ អ្នកគ្រូសរុបចំនួន ១៨នាក់ ស្រី ១០នាក់ មានសិស្សានុសិស្សចំនួន ៤១៦នាក់ ស្រី ២២០នាក់ ដែលមាន ១២កម្រិតថ្នាក់ និងមានបណ្ណាល័យមួយខ្នង។ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សាលាមានបេក្ខជនដាក់ពាក្យប្រឡងសញ្ញាបតមធ្យមសិក្សា ទុតិយភូមិចំនួន ៥៨នាក់ ស្រី ៣៧នាក់ ប្រឡងជាប់ចំនួន ៥៤នាក់ ស្មើនឹង ៩៣,១០ភាគរយ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សព្រមទាំងបានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា តុង ចំរើន និងសប្បុរសជនទាំងអស់ដែល បានជួយសាងសង់សាលាវិទ្យាល័យទួលកែវនេះឡើង ដើម្បីសម្រួលការលំបាករបស់សិស្សានុសិស្សដែលត្រូវទៅរៀននៅទីប្រជុំជនវិទ្យាល័យ ហ៊ុន សែន វាលរេញ ឆ្ងាយពីផ្ទះ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ជាពិសេសប្រជាពលរដ្ឋដែលនៅតាមដងផ្លូវជាតិលេខ៣ ជូនចំពោះអ្នកឧកញ៉ា តុង ចំរើន និងសប្បុរសជនដែលបានជួយសាងសង់អគារសិក្សា នៅក្នុងវិទ្យាល័យទួលកែវ នេះឡើងក្នុងការចូលរួមជួយអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសវិស័យអប់រំវិទ្យាល័យទួលកែវ ក្នុងខេត្តព្រះសីហនុ នាពេលនេះ។ ហើយថ្ងៃនេះអ្នកឧកញ៉ា និងសប្បុរស ជនបានមកជាថ្មីម្តងទៀត ព្រមទាំងបាននាំយកមកនូវ Computerចំនួន៦០គ្រឿង សម្ភារៈសិក្សា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាគិតជាថវិកា ៤៨ ៩១៣ដុល្លាអាមេរិក ជូនដល់សាលាវិទ្យាល័យទួលកែវ ទន្ទឹមនោះអ្នកឧកញ៉ា តុង ចំរើន ក៏បានសន្យាជួយចេញថ្លៃសេវាអ៉ិនធើណេត និងថ្លៃភ្លើងផងដែរសម្រាប់សាលាវិទ្យាល័យទួលកែវបន្តទៀត នេះជាសកម្មភាពបង្ហាញពីទឹកចិត្តមនុស្សធម៌លើវិស័យអប់រំផ្សារភ្ជាប់ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរបស់យើងនៅក្នុងសាលាវិទ្យាល័យទួលកែវ។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ការផ្តល់ជូននូវ Computer ព្រីនធរសម្ភារៈសិក្សា និងហេដ្ឋារចនាសម្ព័ន្ធនាពេលនេះ ដើម្បីពង្រឹងសមត្ថភាពសិស្សានុសិស្សលើវិស័យអប់រំនៅខេត្តព្រះសីហនុរបស់យើង ដូច្នេះក្មួយៗនៅទីនេះមានពេលវេលា និងឱកាសចូលមកសិក្សាស្រាវជ្រាវនូវមេរៀនថ្មីៗបន្ថែមទៀត ក្នុងការបង្កើននូវចំណេះដឹងថ្មីៗពាក់ព័ន្ធនិងបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។ ដើម្បីជាប្រយោជន៍ និងអនាគតរបស់ប្អូនៗ សិស្សានុសិស្សនៃសាលាវិទ្យាល័យទួលកែវរបស់ យើង សូមក្មួយៗជាយុវជន បន្តវេនត្រូវមានសមត្ថភាព ទេពកោសល្យ បទពិសោធន៍ប្រកបដោយគុណធម៌ ចរិយាធម៌ សីលធម៌ក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អរស់នៅក្នុងសង្គមស៊ីវិល័យ ជាពិសេសក្មួយៗជាទំពាំងស្នងឬស្សីក្នុងការចូលរួមដឹកនាំប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់សិស្សានុសិស្សត្រូវចេះថែរក្សាសម្ភារៈនៅក្នុងសាលានេះឱ្យបានគង់វង្ស សម្រាប់សិស្សប្អូនយើងជំនាន់ក្រោយបានសិក្សារៀនសូត្របន្តទៀត។
សម្ភារៈដែលឧបត្ថម្ភដោយលោក តុង ស៊ាងធាន និងអ្នកឧកញ៉ា តុង ចំរើន ប្រគល់ជូនវិទ្យាល័យទួលកែវមានដូចជា៖ សម្ភារៈសម្រាប់គ្រូ និងសិស្ស សៀវភៅក្នុងបណ្ណាល័យ ម៉ាស៊ីនព្រីនក្រដាស និងថ្នាំព្រីន គ្រឿងបំពាក់ជាមួយកុំព្យូទ័រ ទឹកបរិសុទ្ធ ស៊ីទែនទឹក ៥ ០០០លីត្រ ម៉ូទ័របូមទឹក រៀបចំបណ្តាញអ៉ិនធើណែត និងបង់ថ្លៃសេវាអ៉ិនធើណែត ខ្សែភ្លើង និរ៉ូឡូភ្លើង បង់ថ្លៃភ្លើង តបណ្តាញទឹកក្នុងសាលា សាងសង់ខ្លោងទ្វាសាលា និងកុំព្យូទ័រ ៦០គ្រឿង សរុបទឹកប្រាក់ ៤៨ ៩១៣ដុល្លារអាមេរិក៕