ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ឃ្មួច អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
តាមសេចក្តីសម្រេចរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លេខ ៥៣១/អ.ន.ក សម្រេចតែងតាំងសមាសភាពគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ ថ្លែងថា ដើម្បីជាសក្ខីភាពឆ្លើយតបនឹងការផ្ដល់នូវការគាំទ្រ និងជំនឿជឿជាក់ប្រកបដោយទំនុកចិត្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំសូមធ្វើការប្ដេជ្ញាចិត្តដូចតទៅ៖
១.ប្ដេជ្ញាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយពង្រឹងពង្រីកសកម្មភាពរបស់សមាគមតាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជន និងនិវត្តជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងចលនាប្រឡងប្រណាំង ៣ពូកែ (១-ការធ្វើសេដ្ឋកិច្ចល្អ, ២-ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រ, ៣-ការអភិវឌ្ឍសមាគម និងសង្គមជាតិពូកែ) ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ
២.ដឹកនាំចាត់ចែងសម្របសម្រួលការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ តាមតួនាទី ភារកិច្ចឱ្យបានម៉ឺងម៉ាត់ និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្ដល់នូវអនុសាសន៍របស់ថ្នាក់ដឹកនាំសមាគម
៣.ប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយការលំបាករបស់អតីតយុទ្ធជន និងនិវត្តជន និងផ្តល់អាទិភាពជូនពួកគាត់ឱ្យសមនឹងគុណបំណាច់មិនអាចកាត់ថ្លៃដែលបានបម្រើ និងលះបង់ក្នុងបុព្វហេតុការពារជាតិ និងកសាងសន្តិភាពជូនជាតិ មាតុភូមិកម្ពុជានាពេលកន្លងមក
៤.ប្តេជ្ញាអនុវត្តឱ្យមានប្រសិទ្ធភាពនូវការផ្តល់សេវាគាំពារសុខុមាលភាពជូនអតីតយុទ្ធជន និងនិវត្តជនដោយបើកផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនតាមរយៈមូលនិធិជាតិជំនួយសង្គម និងខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេសបន្តជំរុញការអនុវត្តគោលនយោបាយ ស្ដីពីការផ្តល់សម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
៥.ប្តេជ្ញាជំរុញមន្ទីរ អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន និងនិវត្តជនតាមមូលដ្ឋាន ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាព កងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាពយុទ្ធជន យុទ្ធនារី ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនមានពិការភាពនៅតាមមណ្ឌលយោធិនពិការ
៦.ខិតខំកៀរគរសប្បុរសជន និងអ្នកពាក់ព័ន្ធជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និងនិវត្តជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារពួកគាត់ដែលកំពុងជួបប្រទះការលំបាក។
ឯកឧត្តម អ៊ុក ឃ្មួច អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានធ្វើការកោតសរសើរចំពោះប្រធានសមាគមអតីតយុទ្ធជន ព្រោះការតែងតាំងសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុនាពេលនេះ គឺចាប់ពីថ្នាក់ខេត្ត ក្រុង ស្រុក ក្នុងការចូលរួមដោះស្រាយជូនអតីតយុទ្ធជន និងនិវត្តជនរបស់យើង ស្របតាមលក្ខខណ្ឌមួយចំនួនដែលបានធ្វើការកែសម្រួលក្នុងការទទួលខុសត្រូវ ដើម្បីពួកគាត់ទទួលបាននូវអត្ថប្រយោជន៍ក្រោមឆ័ត្រតែមួយ ហើយសមាគមនេះមានលក្ខណពិសេសក្នុងការប្រមូលផ្តុំនូវរចនាសម្ព័ន្ធចាត់តាំងដឹកនាំប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ឯកឧត្តម ក៏បានកោតសរសើរចំពោះការគ្រប់គ្រងដោះស្រាយជូនចំពោះអតីតយុទ្ធជននាពេលកន្លងមកបានល្អ និងសូមថ្លែងអំណរគុណគណៈកម្មាធិការសមាគមអតីតយុទ្ធជន ចំពោះការដោះស្រាយជូនចំពោះអតីតយុទ្ធជនថ្នាក់ខេត្ត ក្រុង ស្រុក ដោយយកចិត្តទុកដាក់ដោះស្រាយ ក្នុងនាមសម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា៕










































































