ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤

ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
កិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន១០ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១.ប្រសាសន៍បើកកិច្ចប្រជុំ
២.ពិនិត្យកូរ៉ុម
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៥)
៦.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងបញ្ជីគម្រោងវិនិយោគជាអាទិភាពដែលគ្រោងប្រើប្រាស់តែថវិកាខេត្ត សម្រាប់ឆ្នាំ២០២៦
៧.ស្តាប់របាយការណ៍របស់៖
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត
– គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការលទ្ធកម្មខេត្ត
-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត
-ការិយាល័យប្រជាពលរដ្ឋខេត្ត
៨.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការ សាលាខេត្តព្រះសីហនុ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥
៩.បញ្ហាផ្សេងៗ
១០.ប្រសាសន៍បូកសរុប។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សារបស់មន្ទីរ អង្គភាព ក្រុង ស្រុក នៃខេត្តព្រះសីហនុ រួចមកឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការដាក់ចេញនូវផែនការសកម្មភាពរបស់មន្ទីរ អង្គភាព ក្រុង ស្រុកដែលបានអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ទន្ទឹមនឹងការងារបានល្អប្រសើរ យើងក៏ត្រូវតែបន្តអនុវត្តឱ្យបានកាន់តែល្អថែមទៀតទៅតាមលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំទៅដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុករៀបចំកែលម្អសោភ័ណភាព អនាម័យនៅតាមមន្ទីរ អង្គភាព ដោយដាក់តាំងភ្លើងបំភ្លឺ ជាពិសេសនៅតាមដងផ្លូវសាធារណ និងទីប្រជុំជននានារៀបចំភ្លើងពណ៌ឱ្យមានសោភ័ណភាព ដើម្បីបុណ្យឆ្លងឆ្នាំសកល២០២៥ ២០២៦នាពេលខាងមុខ។ ទន្ទឹមនោះបញ្ហាគ្រឿង ញៀន ល្បែងស៊ីសងខុសច្បាប់ ជាពិសេសក្មេងទំនើងដោយធ្វើយ៉ាងណាបង្ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសថែមទៀតនោះ គឺភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគិនដែលមកកាន់ខេត្តតំបន់ឆ្នេរសមុទ្រ៕