លោក រ័ត្ន មុនី និងលោក ឯម ភាព បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពី “នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក រ័ត្ន មុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពី “នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្តបានបន្ថែមថា ស្ថានភាពនៃការវិនិយោគ របស់ក្រុមហ៊ុននានានៅទូទាំងខេត្តព្រះសីហនុ ផ្តោតលើវិស័យមួយចំនួន ដូចជា តំបន់សេដ្ឋកិច្ចពិសេស អភិវឌ្ឍន៍ទេសចរណ៍(ដីជួលរយៈពេលវែង ដីឆ្នេរ និងកោះ) កសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្ម រោងចក្រ សហគ្រាស សិប្បកម្ម ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទេសចរណ៍ និងសណ្ឋាគារ កសិដ្ឋានចិញ្ចឹមសត្វ កំពង់ផែសម្រាប់ធ្វើការនាំចេញ-ចូល ក្នុង និងក្រៅប្រទេស។
កាលខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ក្នុងគោលបំណង ដើម្បីដាក់ចេញនូវវិធានការនិងយន្តការ ដែលមានលក្ខណៈជាកញ្ចប់ប្រទាក់ក្រឡាមុតស្រួចនិងសាមញ្ញ។ វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដើរតួនាទីជា«ច្រកចេញ-ចូលតែមួយ» ដែលមានសិទ្ធិពិនិត្យ សម្រេច និងផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានា ជាកញ្ចប់លើគម្រោងវិនិយោគ និង សកម្មភាពធុរកិច្ចស្នើសុំដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តចាំបាច់នានាតាមរយៈ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអនុវត្តនូវកិច្ចការផ្សេងទៀតពាក់ព័ន្ធនឹងកម្មវិធីពិសេសនេះ តាមការសម្រេចរបស់រាជរដ្ឋាភិបាល។
លោក ឯម ភាព បានបញ្ជាក់ថា ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះ រហូត ដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសជំរុញការវិនិយោគ ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៤១៣គម្រោងក្នុងនោះគម្រោង ដែលទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ចំនួន ៤១២គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧៩៧០លានដុល្លារ និងប៉ាន់ស្មាន អាចបង្កើតឱកាសការងារ ៥២ ០០៤កន្លែង ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមាន ១៩៤ គម្រោង មានទុនវិនិយោគប្រមាណ ៣ ៨១៦លានដុល្លារអាមេរិក- គម្រោងថ្មីមានចំនួន ១៧៨ គម្រោង មានទុនវិនិយោគប្រមាណ ៣ ២១៦ លានដុល្លារ ការពង្រីកគម្រោងមាន ២៥ គម្រោង មានទុនវិនិយោគ ប្រមាណ ៨៩៨ លានដុល្លារ គម្រោងវិនិយោគមានស្រាប់មានចំនួន ១៥ គម្រោង មានទុនវិនិ យោគប្រមាណ ៣៩ លានដុល្លារ ។
ក្នុងនាមសមាជិកក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ រីករាយ ព្រោះសិក្ខាសាលា ក្នុងថ្ងៃនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ ២៩៧២២ អពដ ស្តីពី «នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោមវិសាលភាពកម្មវិធីពិសេស» ដោយជំនាញមន្ត្រីបច្ចេកទេសរបស់អគ្គនាយកដ្ឋានពន្ធដារផ្ទាល់។
សង្ឃឹមជឿជាក់ថាតាមរយៈសិក្ខាសាសាផ្សព្វផ្សាយ នាព្រឹកនេះ នឹងធ្វើឱ្យអង្គសិក្ខាសាលាទាំងមូលទទួលបាននូវចំណេះដឹងជំនាញ ដើម្បីយកទៅអនុវត្តឱ្យកាន់មានប្រសិទ្ធភាពខ្ពស់៕