ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ នៅបរិវេណវត្តសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ប្រធានមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ មានការចូលរួមលើកឡើងជាមតិយោបល់ សំណើ និងសំណូមពរពីប្រជាពលរដ្ឋ ទាំងផ្ទាល់មាត់ និងតាមរយៈសំបុត្រមានចំនួនសរុប ១៧ នាក់ដែលត្រូវបានយកមកដោះស្រាយ។
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានលើកឡើងថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺពិតជាមានសារៈសំខាន់សម្រាប់លើកឡើងនូវមតិយោបល់ សំណើ សំណូមពរ និងផ្តល់អនុសាសន៍ឱ្យបានផុលផុសសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ឱ្យបានកាន់តែល្អប្រសើរប្រកបដោយគណនេយ្យភាព តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលប្រជាពលរដ្ឋបានលើកក្នុងវេទិកានាពេលនេះ។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៥ សម្រាប់ស្រុកព្រៃនប់ មានប្រធានបទចំនួន៧ ក្នុងនោះ ១.គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ២.សេវារដ្ឋវបាលសាធារណ ៣.គោលនយោបាយគាំពារសង្គម ៤.ការគ្រប់គ្រងគ្រោះមហន្តរាយ ៥.ការគ្រប់គ្រងសំណល់រឹងរាវ ៦.ការអនុវត្តមូលដ្ឋាន ៧.ការរៀបចំដែនដីនគរូបនីយកម្ម។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យ នៃពាក្យគន្លឹះសំខាន់២ គឺទី១.ការផ្សព្វផ្សាយ និងទី២.ការពិគ្រោះយោបល់។ វេទិកាផ្សព្វផ្សាយនេះ បានបង្ហាញអំពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងការអនុវត្តផែនការសកម្មភាពនាឆ្នាំកន្លងមក ក៏ដូចជាបង្ហាញពីគម្រោងសកម្មភាព ជាអាទិភាព នៃការអភិវឌ្ឍសម្រាប់ឆ្នាំបន្ទាប់របស់រដ្ឋបាលខេត្ត និងការបំរើសេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានផ្តល់ឱកាសដល់យើងទាំងអស់គ្នាបានពិភាក្សា និងពិគ្រោះយោបល់ជាមួយលោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន បានចូលរួមបញ្ចេញមតិយោបល់ និងលើកឡើងនូវចម្ងល់ និងសំណូមពរនានា ដែលបានជួបប្រទះជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ ង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹង គណនេយ្យភាព តម្លាភាពជាមួយប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលការណ៍នៃការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត ធ្វើការបកស្រាយនូវសំណើ និងសំណូមពរពីប្រជាពលរដ្ឋ ទាំងផ្ទាល់មាត់ និងតាមរយៈសំបុត្រ ដែលបានលើកឡើងក្នុងវេទិការដោយបានធ្វើការដោះស្រាយផ្ទាល់ និងករណីខ្លះបានចាត់តាំងរដ្ឋបាលស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ បន្តដោះស្រាយជូនប្រជាពលរដ្ឋ៕

























