ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត គណៈអភិបាលក្រុង ក្រុមប្រឹក្សាក្រុង ប្រធានមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ មានការចូលរួមលើកឡើងជាមតិយោបល់ សំណើ និងសំណូមពរពីប្រជាពលរដ្ឋ ទាំងផ្ទាល់មាត់ និងតាមរយៈសំបុត្រមានចំនួនសរុប ៣៥ សំណើរសំណូមពរ ដែលត្រូវបានយកមកដោះស្រាយ។
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានលើកឡើងថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺពិតជាមានសារៈសំខាន់សម្រាប់លើកឡើងនូវមតិយោបល់ សំណើ សំណូមពរ និងផ្តល់អនុសាសន៍ឱ្យបានផុលផុសសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ឱ្យបានកាន់តែល្អប្រសើរប្រកបដោយគណនេយ្យភាព តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលប្រជាពលរដ្ឋបានលើកក្នុងវេទិកានាពេលនេះ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការបកស្រាយ អំពីសំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ រួមទាំងអង្គការសង្គមស៊ីវិលដែលបានលើកឡើងក្នុងវេទិកាដោយបានធ្វើការដោះស្រាយផ្ទាល់ និងនិងករណីខ្លះបានចាត់តាំងរដ្ឋបាលក្រុងនិងមន្ទីរអង្គភាពពាក់ព័ន្ធចុះពិនិត្យ និងបន្តដោះស្រាយជូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់សំណើ។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា កន្លងមកខេត្ត បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របតាមកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ក្រុងស្រុកនិងឃុំសង្កាត់ ដោយប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ក៏ដូចជាកញ្ចប់ថវិកាចំណូលរបស់ខេត្ត ក្នុងការអភិវឌ្ឍមូលដ្ឋាន ដោយភ្ជាប់ជាមួយការងារសុខាភិបាល អបរំ និងកិច្ចគាំពារសង្គមជាដើម៕