កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានបើកយុទ្ធនាការចុះត្រួតពិនិត្យជាបន្ទាន់ទៅលើអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ក្រុងព្រះសីហនុ- អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានបើកយុទ្ធនាការចុះត្រួតពិនិត្យជាបន្ទាន់ទៅលើអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
យុទ្ធនាការនេះបានផ្តល់លទ្ធផលយ៉ាងវិជ្ជមាន ដោយសមត្ថកិច្ចបានបង្ក្រាប និងឃាត់ខ្លួនជនល្មើសបានមួយចំនួន ក្នុងនោះគួរកត់សម្គាល់គឺការឃាត់រថយន្តចំនួន ០២ គ្រឿង ដែលមានភ្ជាប់នូវឧបករណ៍ខុសច្បាប់ប្រភេទ «Fake BTS»។ ឧបករណ៍នេះត្រូវបានប្រើប្រាស់ក្នុងគោលបំណងដ៏អាក្រក់ក្នុងការ ផ្ដាច់សេវាទូរស័ព្ទផ្លូវការ និង ជំនួសមកវិញនូវសេវាក្លែងក្លាយ ដើម្បីធ្វើការក្លែងបន្លំ ឬ បញ្ជូនសារខ្លី (SMS) ព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងការបំភាន់មតិសាធារណៈ។
វត្ថុតាងដែលត្រូវបានរឹបអូស៖
* រថយន្ត ចំនួន ០២ គ្រឿង។
* ឧបករណ៍ «Fake BTS» ចំនួនពេញលេញ។
* សម្ភារៈមួយចំនួនទៀតដែលពាក់ព័ន្ធនឹងបទល្មើសនេះ។
បច្ចុប្បន្ន វត្ថុតាងទាំងអស់រួមទាំងរថយន្ត ត្រូវបានសមត្ថកិច្ចធ្វើការកសាងសំណុំរឿង និងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីបន្តចាត់ការទៅតាមនីតិវិធីច្បាប់ជាធរមាន។
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ម៉ាង ស៊ីណេត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការ ក្រើនរំលឹកជាថ្មី ដល់គ្រប់បុគ្គលដែលមានការពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ទាំងអស់នេះ សូម ដកខ្លួន ឬបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពខាងលើ ដើម្បីជៀសវាងការប្រឈមមុខចំពោះមុខផ្លូវច្បាប់ដែលមិនអាចលើកលែងបាន។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មិនលើកលែងជាដាច់ខាត រាល់សកម្មភាពដែលប៉ុនប៉ងបង្កអសន្តិសុខ និង ប្តេជ្ញាបង្ក្រាបឱ្យបាននូវរាល់បទល្មើសគ្រប់ប្រភេទដែលកើតឡើងក្នុងទឹកដីនៃខេត្តព្រះសីហនុ ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។