នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោង CCA4CS បានអញ្ជើញជាវាគ្មិន នៅក្នុងសិក្ខាសាលា បិទបញ្ចប់គម្រោង «ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅដ្ឋានតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា» ដោយមានការចូលរួមពីឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោង CCA4CS, លោកស្រី Oddy Angelo Barrios តំណាងUN-Habitat ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វីក, លោក លោកស្រី ប្រធានមន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋាននៃខេត្តព្រះសីហនុ និងខេត្តកែប នៅសណ្ឋាគារសង្គហមិត្តកែប។
លោកអភិបាលរងបានលើកឡើងថា សម្រាប់ខេត្តព្រះសីហនុ គម្រោង CCA4CS នៅស្រុកព្រៃនប់ មិនត្រឹមតែជួយស្ដារបរិស្ថានឡើងវិញប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាព និងធ្វើឱ្យសុខុមាលភាពរបស់ ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិត និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយភាពងាយរងគ្រោះដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងធានាថាការគ្រប់គ្រងតំបន់សមុទ្រមានប្រសិទ្ធភាព និងចីរភាព។ លើសពីនេះ គម្រោងនេះក៏បានលើកកម្ពស់សមត្ថភាពអាជ្ញាធរមូលដ្ឋាន និងសហគមន៍ អំពីចំណេះដឹង ជំនាញ និងបច្ចេកទេស ក្នុងការរៀបចំផែនការ និងអនុវត្តកម្មវិធីនានា ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងខេត្តបានថ្លែងកោតសរសើរ និងបានគូសបញ្ជាក់បន្ថែមថា លទ្ធផលអនុវត្តគម្រោងដ៏ជោគជ័យគួរជាទីមោទកនេះ គឺបានមកដោយសារកិច្ចសហការយ៉ាងជិតស្និត និងការបំពេញកិច្ចការ ក្នុងស្មារតីអន្តរសកម្មប្រកបដោយមនសិការជាតិខ្ពស់ដោយតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ របស់ក្រុមការងារគម្រោងនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ជាពិសេសថ្នាក់ឃុំ និងស្រុក។













